ភ្នំពេញ៖ ក្នុងឱកាសដ៏ពិសេសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមីអដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកងទ័ពនៅយោធភូមិភាគពិសេស។

ការចុះសួរសុខទុក្ខនេះ តំណាងឱ្យការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកងទ័ព និងរដ្ឋាភិបាល ចំពោះសុខទុក្ខ និងជីវភាពរបស់កងកម្លាំងការពារជាតិដែលតែងតែឈរនៅជួរមុខក្នុងការការពារបូរណភាពទឹកដី។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅកាន់កងកម្លាំងយោធភូមិភាគពិសេស។

ក្នុងឱកាសនេះ ឯកឧត្តមបានកោតសរសើរដោយស្មោះចំពោះស្មារតីលះបង់ខ្ពស់របស់កងកម្លាំងយោធភូមិភាគពិសេស ដែលបានខិតខំជម្នះរាល់ការលំបាក ពុះពារការពារបូរណភាពទឹកដី និងធានាសន្តិសុខសុវត្ថិភាពឱ្យប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពបានជូនពរដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន និងបន្តរ៉ាប់រងភារកិច្ចការពារជាតិឱ្យបានរឹងមាំ។

ដោយ៖ សិលា
