ស្វាយរៀង – កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើប្រតិបត្តិការបង្ក្រាបទីតាំងធ្វើអាជីវកម្មអនឡាញខុសច្បាប់ (Online Scams) ចំនួន ៩កន្លែង នៅក្រុងបាវិត ខេត្តស្វាយរៀង និងឃាត់ខ្លួនជនបរទេសជាង ៣០០នាក់។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៧ មេសា ២០២៦ ដោយក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយឧត្តមសេនីយ៍ឯកហែម សុវត្ថិ អគ្គស្នងការរងទទួលដឹកនាំការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម។ ការអនុវត្តតាមបទបញ្ជារបស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងការដឹកនាំពីឯកឧត្តមស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ក្នុងទីតាំងទាំង ៩នេះ មាន ២ទីតាំងជាកាស៊ីណូ និង ៧ទីតាំងជាប្រភេទផ្ទះល្វែង។ កម្លាំងជំនាញរកឃើញជនបរទេសសរុប ៣១២នាក់ (ស្រី ៦១នាក់) ពី ៥សញ្ជាតិ។

វត្ថុចាប់យករួមមាន៖ កំព្យូទ័រលើតុ ALL IN ONE ១៥០គ្រឿង, កុំព្យូទ័រយួរដៃ ១គ្រឿង, MONITOR ១គ្រឿង, ទូរស័ព្ទដៃចម្រុះម៉ាក ៥០៥គ្រឿង និងរថយន្ត ៤គ្រឿង។

ការត្រួតពិនិត្យកំព្យូទ័របានរកឃើញសកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ មេក្លោងត្រូវបានបញ្ជូនទៅតុលាការ ចំណែកជនបរទេសដទៃត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញ។

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានដកហូតអាជ្ញាបណ្ណកាស៊ីណូ ហ្គោដិនហ្គាឡាក់ស៊ីកាស៊ីណូ នៅក្រុងបាវិត ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើស Online Scams។

ប្រតិបត្តិការនេះបង្ហាញពីការតឹងតែងរបស់អាជ្ញាធរក្នុងការបង្ក្រាបបទល្មើសអនឡាញ និងការការពារសុវត្ថិភាពអ្នកប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក។

ការបង្ក្រាបទីតាំងខុសច្បាប់នេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសសីលធម៌អនឡាញ និងការពារប្រជាពលរដ្ឋពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

