អង្គការសហប្រជាជាតិព្រមាន៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់គំរាមកំហែងបទឈប់បាញ់អាមេរិក-អ៊ីរ៉ង់

អង្គការសហប្រជាជាតិព្រមាន៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់គំរាមកំហែងបទឈប់បាញ់អាមេរិក-អ៊ីរ៉ង់

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានដាស់តឿនព្រមានថា ការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលលើប្រទេសលីបង់ បង្កហានិភ័យធ្ងន់ធ្ងរដល់បទឈប់បាញ់ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

ការវាយប្រហារនៅលីបង់

យោងតាមសារព័ត៌មាន CNA អ្នកនាំពាក្យរបស់លោក Antonio Guterres បាននិយាយកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ថា៖ «សកម្មភាពយោធាដែលកំពុងបន្តនៅក្នុងប្រទេសលីបង់ បង្កហានិភ័យធ្ងន់ធ្ងរដល់បទឈប់បាញ់ និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាពដ៏យូរអង្វែង ហើយទូលំទូលាយនៅក្នុងតំបន់។ អគ្គលេខាធិការអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យបញ្ឈប់អរិភាពជាបន្ទាន់»។

លោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតជនស៊ីវិល និងមានការព្រួយបារម្ភបំផុតចំពោះចំនួនស្លាប់របស់ជនស៊ីវិលកើនឡើង។

ការអំពាវនាវសន្តិភាព

«គ្មានដំណោះស្រាយយោធាដែលត្រូវធ្វើឡើងចំពោះជម្លោះនោះទេ។ លោកអគ្គលេខាធិការនៅតែបន្តអំពាវនាវដល់គ្រប់ភាគីទាំងអស់នាំគ្នាប្រើប្រាស់បណ្តាញការទូតវិញ»។

ចំណែក ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ក៏បានថ្កោលទោសទំហំនៃការសម្លាប់ និងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសលីបង់ថា ទង្វើនេះគ្មានអ្វីក្រៅពីភាពរន្ធត់នោះទេ។

ផលវិបាកសង្គ្រាម

លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លើកឡើងថា៖ «ការសម្លាប់រង្គាលបែបនេះ ក្នុងរយៈពេលតែប៉ុន្មានម៉ោងបន្ទាប់ពីការយល់ព្រមលើបទឈប់បាញ់ជាមួយអ៊ីរ៉ង់ គឺជារឿងមួយដែលមិនគួរឱ្យអាចជឿសោះ»។

គួរបញ្ជាក់ថា មនុស្ស ១៨២នាក់ស្លាប់ និងរងរបួស ៨៩០ នាក់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃពុធនៅប្រទេសលីបង់។ ចំណែករដ្ឋធានីបេរូតរងការវាយប្រហារដោយគ្រាប់បែកដ៏ហិង្សាបំផុតចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា។

ប្រែសម្រួល៖ ណឺ មិនា

administrator

Related Articles