ខេត្តបន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានឡោមព័ទ្ធអគារកាស៊ីណូ RICH នៅក្បែររង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលត្រូវបានសង្ស័យថាជាទីតាំងអនឡាញស្កាម។

ប្រតិបត្តិការនេះមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយមានកម្លាំងនគរបាលកងរាជអាវុធហត្ថខេត្ត និងក្រុងប៉ោយប៉ែតច្រើនក្រុមចូលរួម។ ជាលទ្ធផល បានឃាត់ខ្លួនជនបរទេសចំនួន១៣៩នាក់ និងរឹបអូសសម្ភារៈអនឡាញស្កាមមួយចំនួន។

ជនបរទេសដែលត្រូវបានឃាត់ខ្លួនមានចម្រុះជាតិសាសន៍ រួមមានជនជាតិចិន វៀតណាម និងឥណ្ឌូណេស៊ី។ ពួកគេត្រូវបានបញ្ជូនតាមរថយន្តឆ្ពោះទៅខេត្តសៀមរាប ដើម្បីរៀបចំបណ្តេញចេញពីកម្ពុជាតាមយន្តហោះ។
គេនៅចាំបានថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅឆាយណាបឹងបេង ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលមានអគារចំនួន២១ បានត្រូវកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិចុះបង្ក្រាបទ្រង់ទ្រាយធំ ដោយឃាត់ខ្លួនជនបរទេសចំនួន៨១១នាក់។

តាមសមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យបានប្រើប្រាស់វិធីលួងលោមស្នេហាឱ្យជនរងគ្រោះវិនិយោគលើការទិញ-លក់ទំនិញ តាមរយៈបណ្តាញសង្គម TikTok, WhatsApp, Zalo, Telegram និង Facebook។ ពួកគេក៏បានឆ្លៀតបញ្ចុះបញ្ចូលជនរងគ្រោះដើម្បីទិញសរីរាង្គមនុស្ស និងបានចាប់បង្ខំឲ្យជនរងគ្រោះធ្វើការឆបោកបន្ត។

អត្ថបទសរសេរដោយ ប៊ុន ធឿន
កែសម្រួលដោយ ស្រីណា


