
ភ្នំពេញ – នាវិកថៃ៣នាក់ដែលជាប់ក្នុងកប៉ាល់ដឹកទំនិញ Mayuree Naree បន្ទាប់ពីត្រូវអ៊ីរ៉ង់បាញ់ប្រហារ បច្ចុប្បន្នត្រូវបានបញ្ជាក់ថា ស្លាប់ទាំងអស់គ្នា ដោយគ្មាននរណាម្នាក់នៅរស់រានមានជីវិតឡើយ។
សារព័ត៌មាន The Nation បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow ដែលថ្លែងក្នុងទីក្រុងបាងកកថា៖ “នាវិកជនជាតិថៃទាំង៣នាក់ ត្រូវបានបញ្ជាក់ថា បាត់បង់ជីវិតហើយ។ ថៃកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីធានាឲ្យមានការធ្វើដំណើរដោយសុវត្ថិភាពសម្រាប់នាវាថៃដទៃទៀត ដែលនៅតែជាប់គាំងនៅក្បែរច្រកសមុទ្រ Hormuz។”

លោកអះអាងថា ថៃបានជូនដំណឹងនិងផ្តល់ការគាំទ្រដល់គ្រួសាររបស់សមាជិកនាវិកទាំង ៣ នាក់រួចហើយ និងកំពុងបន្តការសម្របសម្រួលជាមួយប្រទេសអូម៉ង់, អ៊ីរ៉ង់ និងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត ចំពោះផលវិបាកដែលកើតមានឡើងក្រោយហេតុការណ៍នេះ។
កប៉ាល់ដឹកទំនិញថៃ Mayuree Naree ត្រូវរងការវាយប្រហារកាលពីថ្ងៃពុធទី១១ខែមីនា អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។ នាវិក២០នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់។

អ៊ីរ៉ង់ បញ្ជាក់ច្បាស់ៗថា ឆ្មាំបដិវត្តន៍ (IRGC) បាញ់កប៉ាល់ថៃ ព្រោះតែ មិនព្រមស្តាប់ការព្រមានហើយថែមទាំងផ្គើនថែមទៀត។ តាមការអះអាងរបស់ IRGC, កប៉ាល់នេះ គឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់៕
អត្ថបទ៖ សុខ សុវណ្ណ
