អាជ្ញាធរស្រុកស្នួលចាត់វិធានការតឹងរឹង បន្ទាប់ពីពលរដ្ឋស្នើឲ្យរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារកា៣

អាជ្ញាធរស្រុកស្នួលចាត់វិធានការតឹងរឹង បន្ទាប់ពីពលរដ្ឋស្នើឲ្យរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារកា៣

ផ្សារកា៣

ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅខេត្តមណ្ឌលគិរី បានស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយរៀបចំសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅជុំវិញបរិវេណផ្សារកា៣ ដែលស្ថិតក្នុងឃុំក្រញូងសែនជ័យ។

ពលរដ្ឋបានលើកឡើងថា នៅត្រង់ចំណុចផ្សារកា៣នេះ ជារៀងរាល់ថ្ងៃគ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយឡើយ។ ការឈប់ចតរថយន្ត ម៉ូតូ និងរម៉កយ៉ាងអាណាធិបតេយ្យ បានបង្កការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដែលរំខានដល់ការធ្វើដំណើរទៅមករបស់ពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលមានបំណងទៅលេងកំសាន្តនៅខេត្តភាគឦសាន្ត។

ការកកស្ទះចរាចរណ៍

លោក សាម ណាល់ អភិបាលស្រុកស្នួល បានឆ្លើយតបថា ការចុះរៀបចំសណ្ដាប់ធ្នាប់ផ្សារកា៣នេះគឺជានិច្ចកាល ដោយរដ្ឋបាលស្រុកតែងតែដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក និងរដ្ឋបាលឃុំក្រញូងសែនជ័យចុះរៀបចំ និងអប់រំណែនាំ។

ទោះជាយ៉ាងណា លោកបានអះអាងថា អាជីវករលក់ដូរ ជាពិសេសម្ចាស់ផ្ដល់ទីតាំងកន្លែងលក់ដូរ មិនមានការចូលរួមសហការជាមួយអាជ្ញាធរទាល់តែសោះ។ ពេលអាជ្ញាធរចុះទៅ ពួកគាត់ធ្វើតាមការណែនាំ តែពេលអាជ្ញាធរត្រឡប់មកវិញ ក៏ចូលលក់ដូរធម្មតា និងទុកដាក់យានជំនិះពាសពេញផ្លូវដដែល។

លោកបានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រញូងសែនជ័យ បានចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅចំណុចផ្សារកាបីរួចហើយ ប៉ុន្តែឥឡូវនៅតែដដែល។

លោកបានដាស់តឿនថា ចំពោះអ្នកដែលផ្ដល់ទីតាំង ឬជួលកន្លែងឲ្យពលរដ្ឋលក់ដូរ ក្នុងករណីរកឃើញថាមិនគោរពតាមគោលការណ៍ណែនាំ រដ្ឋបាលស្រុកនឹងអនុវត្តកសាងសំនុំរឿងតាមនីតិវិធីរដ្ឋបាលបញ្ជូនទៅសាលាដំបូងខេត្តក្រចេះតែម្តង៕

administrator

Related Articles