ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងបានចំណាយពេលវេលាជាងកន្លះខែ និងថវិការាប់ម៉ឺនដុល្លារ ដើម្បីទិញសម្ភារអគ្គិសនីមកតុបតែងលម្អតាមស្ពាននានា ដើម្បីទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ប៉ុន្តែបែរជាមានជនចង្រៃម្នាក់ ឈ្មោះ ម៉ែន សុជាតិ អាយុ៣៣ឆ្នាំ បានដើរលួចដោះយកអំពូលនៅតាមស្ពាននៅពេលយប់ស្ងាត់។ អំពើចោរកម្មនេះបានកើតឡើងនៅម៉ោង១:៣០នាទីរំលងអធ្រាត្រ នៅលើស្ពានសម្ដេចក្រឡាសខេង ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។

កម្លាំងអធិការក្រុងបាត់ដំបងបានចេញអន្តរាគមន៍ និងចាប់ខ្លួនជនចង្រៃនោះបានភ្លាមៗ ដោយឃើញគាត់កំពុងកាន់អំពូលភ្លើងចម្រុះប្រមាណ១០គ្រាប់។ ប្រជាពលរដ្ឋបានរាយការណ៍អំពីអំពើចោរកម្មនេះ ពេលឃើញជននេះកំពុងដើរដោះយកអំពូលនៅលើស្ពាន។

នៅចំពោះមុខសមត្ថកិច្ច ជនអន្ធពាលនេះបានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានដើរលួចដោះអំពូលភ្លើងពណ៌ចម្រុះនៅតាមស្ពានមែន។ ជននេះទំនងមិនបានឃើញភ្លើងពណ៌ចម្រុះនាពេលរាត្រីក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរទេ។
ដើម្បីចូលរួមអបអរទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំតុបតែងលំអដោយភ្លើងពណ៌ចម្រុះនៅតាមបណ្ដាស្ពាននានា តាមដងស្ទឹងសង្កែ និងតាមដងផ្លូវនានានៅក្នុងក្រុងបាត់ដំបង។
