ភ្នំពេញ៖ ពលរដ្ឋមួយក្រុមបានរួមចិត្តចាប់ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពឆក់ខ្សែកអ្នករត់កង់បីឥណ្ឌាម្នាក់កំពុងសម្រាន្តលង់លក់នៅលើកង់បី ហើយបានប្រគល់ជូនសមត្ថកិច្ចដើម្បីធ្វើការសាកសួរបន្ត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣:៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវបេតុង៦២ កែងផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យជិះម៉ូតូ HONDA VISION ពាក់ស្លាកលេខភ្នំពេញ 1GW-8759 បានជិះតាមបណ្តោយផ្លូវបេតុង៦២ ហើយធ្វើសកម្មភាពឆក់ខ្សែកពីបុរសម្នាក់ដែលកំពុងសម្រាន្តលើកង់បីឥណ្ឌា។

បុរសជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់កំពុងសម្រាន្តលង់លក់នៅលើកង់បីឥណ្ឌារបស់ខ្លួន ក្រោយហត់នឿយខ្លាំងពីការងារដឹកភ្ញៀវពេញមួយថ្ងៃ។ នៅពេលកើតហេតុ ជនសង្ស័យបានឆក់ខ្សែករបស់គាត់បានសម្រេច បណ្តាលឲ្យគាត់បោកក្បាលជាមួយកង់បីភ្ញាក់ខ្លួន ហើយស្រែកផ្អើលឆោឡោឲ្យពលរដ្ឋជួយ។

ពលរដ្ឋក្បែរកន្លែងកើតហេតុបានរត់មកស្ទុះដេញចាប់ជនសង្ស័យបានសម្រេច រួចប្រគល់ជូនសមត្ថកិច្ច។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ជនសង្ស័យយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធីច្បាប់។
