បោកប្រាស់ដោយបន្លំជាភ្នាក់ងារធនាគារ! នគរបាលចាប់ខ្លួនក្រុមឆបោកលួចលុយអតិថិជន

បោកប្រាស់ដោយបន្លំជាភ្នាក់ងារធនាគារ! នគរបាលចាប់ខ្លួនក្រុមឆបោកលួចលុយអតិថិជន

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនក្រុមជនសង្ស័យដែលធ្វើសកម្មភាពឆបោកតាមបច្ចេកវិទ្យា ដោយបន្លំខ្លួនជាភ្នាក់ងារធនាគារ អេស៊ីលីដា ដើម្បីលួចយកប្រាក់ពីគណនីអតិថិជន។

កម្លាំងនគរបាលចាប់ខ្លួនជនសង្ស័យ

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ ជនសង្ស័យ បានទាក់ទងទៅជនរងគ្រោះ ដោយអះអាងថា ខ្លួនជាបុគ្គលិកធនាគារ អេស៊ីលីដា និងបានឲ្យជនរងគ្រោះធ្វើបច្ចុប្បន្នភាពគណនី ដោយស្នើសុំព័ត៌មានផ្ទាល់ខ្លួនពាក់ព័ន្ធនឹងគណនី។ ក្រោយមក នៅវេលាម៉ោងប្រហែល ៥ ល្ងាច ថ្ងៃដដែល ជនរងគ្រោះ បានពិនិត្យគណនីរបស់ខ្លួន ហើយបានឃើញថា ប្រាក់ក្នុងគណនីត្រូវបានដកអស់ ខណៈដែលលេខទូរស័ព្ទ និងគណនី ត្រូវបានគេគ្រប់គ្រងយកទៅប្រើប្រាស់។

ជនសង្ស័យដែលត្រូវចាប់ខ្លួន

ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ជាវ វិបុល ព្រមទាំងលោកឧត្តមសេនីយ៍ត្រី លន់ ចាន់ផាគែន អនុប្រធាននាយកដ្ឋាន កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវយ៉ាងសកម្ម រហូតកំណត់មុខសញ្ញាជនសង្ស័យ និងស្នើសុំដីកាបញ្ជាឲ្យចូលខ្លួន។

សមត្ថកិច្ចធ្វើការស្រាវជ្រាវ

លទ្ធផល នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ១០ យប់ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ រួមមាន៖ ១.ឈ្មោះ សៀម ដាណែត ភេទប្រុស អាយុ ៤០ ឆ្នាំ។ ២.ឈ្មោះ ខុន ប្រុសពេជ្រ ភេទប្រុស អាយុ ២៥ ឆ្នាំ។ ៣.ឈ្មោះ សាត វណ្ណី ភេទប្រុស អាយុ ៣០ ឆ្នាំ។

ជនសង្ស័យទាំង៣នាក់

តាមការសារភាពរបស់ជនសង្ស័យ បានបង្ហាញថា ពួកគេបានប្រើល្បិចបញ្ចូលលេខទូរស័ព្ទរបស់ជនរងគ្រោះទៅក្នុងកម្មវិធីធនាគារ ដើម្បីទទួលបានលេខសម្ងាត់ OTP ៦ ខ្ទង់។ បន្ទាប់មក ពួកគេបានបោកបញ្ឆោតជនរងគ្រោះឲ្យយកលេខសម្ងាត់នោះទៅគុណនឹង ៦ ហើយចែកនឹង ១០០ និងផ្ញើលទ្ធផលទៅពួកគេ។ ជនសង្ស័យបានយកលទ្ធផលនោះទៅគណនាវិញ ដើម្បីស្វែងរកលេខ OTP ដើម ហើយប្រើប្រាស់ដើម្បីចូលគ្រប់គ្រងគណនី និងដកប្រាក់។

ឧបករណ៍ប្រើប្រាស់ក្នុងការបោកប្រាស់

សមត្ថកិច្ចបញ្ជាក់ថា ក្រុមជនសង្ស័យនេះ គឺជាមុខសញ្ញាចាស់ ដែលធ្លាប់បោកប្រាស់ជនរងគ្រោះជាច្រើនករណី បណ្ដាលឲ្យបាត់បង់ប្រាក់សរុបជាច្រើនម៉ឺនដុល្លារ។ ពួកគេតែងតែជួលបន្ទប់ខុនដូរសម្រាប់ស្នាក់នៅ និងប្រព្រឹត្តបទល្មើស ដោយបង្កើតបរិយាកាសស្ងប់ស្ងាត់ ដូចជាក្នុងធនាគារ ដើម្បីបង្កើនភាពជឿជាក់ពីជនរងគ្រោះ។

ការស្រាវជ្រាវរបស់នគរបាល

បច្ចុប្បន្ន កម្លាំងនគរបាល កំពុងបន្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។

ឯកសារក្នុងករណី

administrator

Related Articles