រាជធានីភ្នំពេញ៖ សម្តេចម៉ែ បានថ្វាយព្រះពរដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយទទួលបានមហាជោគជ័យជាបន្តទៀតក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ។

ព្រះរាជសារសម្តេចម៉ែមានព្រះរាជបន្ទូលថា ព្រះរាជបុត្រជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតស្មើជីវិតនៃម៉ាម៉ង់។ ម៉ាម៉ង់មានសេចក្តីសោមនស្សរីករាយជាទីបំផុត ចំពោះព្រះរាជសារថ្វាយពរ និងផ្កាដ៏ធំល្អស្រស់ពីព្រះរាជបុត្រ នៅក្នុងព្រះរាជវរោកាសដ៏មហាប្រសើរឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
ម៉ាម៉ង សូមសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសព្ទសាធុការពរជ័យដ៏ល្អបវរ រាជបុត្រ ទទួលបាននូវមហាជោគជ័យជាបន្តទៀត ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ នៃព្រះរាជជបុត្រ។ ព្រមទាំងបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធក្នុងលោក ទេវតា រក្សាព្រះមហាស្វេតច្ឆ័ត្រ និងគុណបុណ្យព្រះបារមីអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ។

ជាពិសេស ព្រះបារមីនៃប៉ាប៉ា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិ ប្រជារាស្ត្រខ្មែរ និងទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមព្រះអង្គជួយបីបាច់ថែរក្សា ព្រះរាជបុត្រ មានព្រះរាជសុខភាពល្អបរិបូរណ៏ ព្រះបញ្ហា ញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការសម្រាប់ប្រជាជាតិ ប្រជារាស្ត្រ កម្ពុជាដរាបតរៀងទៅ។
