
រតនគិរី – អាជ្ញាធរបានឃាត់ខ្លួនបុរស៣នាក់ក្រោយពីចាប់បានក្នុងអំឡុងពេលកាប់ដើមសំរងដើម្បីប្រមូលផ្លែខ្ចីខុសច្បាប់នៅក្នុងឧទ្យានជាតិវីរៈជ័យ។
ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី១០ មេសា ២០២៦ នៅតំបន់ការពារធម្មជាតិអូរទុង ក្នុងស្រុកវើនសៃ ខេត្តរតនគិរី។ ក្រុមការងារដែលមានមន្ត្រីឧទ្យានុរក្ស គណៈកម្មការសហគមន៍ និងអាជ្ញាធរមូលដ្ឋានបានធ្វើការល្បាតចុះទប់ស្កាត់បទល្មើស។

ជនសង្ស័យទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួនមាន៖ ឆេវ បូ (៣១ឆ្នាំ) ចាន់ គីឡា (២៣ឆ្នាំ) និងពៅ ពិសី (៣៣ឆ្នាំ)។ ពួកគេទាំងអស់រស់នៅក្នុងស្រុកវើនសៃ។
ក្រុមការងារបានចាប់រឹបអូសវត្ថុតាងរួមមាន៖ ផ្លែសំរងខ្ចីចំនួន៣ការ៉ុង (ស្មើនឹង៨០គីឡូក្រាម) និងម៉ូតូចំនួន២គ្រឿង។ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការសាលាដំបូងខេត្តរតនគិរីដើម្បីចាត់វិធានការតាមច្បាប់។

ក្រសួងរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យឈប់កាប់ដើមសំរងដើម្បីយកផ្លែ ដោយសំដៅថាទង្វើនេះមិនត្រឹមតែខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងបំផ្លាញប្រភេទជីវៈចម្រុះដ៏សំខាន់សម្រាប់បរិស្ថាននិងសេដ្ឋកិច្ចមូលដ្ឋានផងដែរ។
តាមក្រមបរិស្ថាន ការកាប់ដើមសំរងដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥-៦អាចផ្តន្ទាទោសពី១ទៅ៥ឆ្នាំពន្ធនាគារ និងពិន័យពី១០០លានទៅ៥០០លានរៀល។ ចំពោះរុក្ខជាតិព្រៃថ្នាក់ទី២-៤ អាចទទួលទោសពី៥ទៅ១០ឆ្នាំ។

ឧទ្យានជាតិវីរៈជ័យជាតំបន់ការពារធម្មជាតិសំខាន់មួយនៅក្នុងខេត្តរតនគិរី ដែលមានប្រភេទរុក្ខជាតិនិងសត្វព្រៃជាច្រើនស្ថិតក្រោមការគំរាមកំហែងពីសកម្មភាពមនុស្ស។
