គ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់នៅដង្កោ ក្រោយទាក់ដៃចង្កូតនិងរត់គេចខ្លួន

គ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់នៅដង្កោ ក្រោយទាក់ដៃចង្កូតនិងរត់គេចខ្លួន

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូសណ្តោងរុឺម៉ក ហើយត្រូវរថយន្តធន់ធំកិនបន្ថែម មុនពេលអ្នកបើកបរទាំងពីររត់គេចខ្លួន។

គ្រោះថ្នាក់ចរាចរណ៍នៅដង្កោ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់នេះ បានកើតឡើងនៅវេលាម៉ោង ៩:៤០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AT-7417 ធ្វើដំណើរតែម្នាក់ឯង។ នៅពេលជិះមកដល់ចំណុចកើតហេតុ ម៉ូតូរបស់គាត់បានទាក់ដៃចង្កូតជាមួយម៉ូតូសណ្តោងរុឺម៉កដែលបើកបរស្របទិសគ្នា បណ្តាលឲ្យដួលទាំងពីរ។

ស្របពេលគ្នានោះ រថយន្តធន់ធំមួយគ្រឿងមិនចាំស្លាកលេខ បានបើកមកបញ្ច្រាស់ទិសក្នុងល្បឿនលឿន ហើយកិនបុរសរងគ្រោះដែលកំពុងដួលនៅលើផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ។ រថយន្តធន់ធំនិងម៉ូតូសណ្តោងរុឺម៉កបានបន្តល្បឿនបើករត់គេចខ្លួនពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែង និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ សពត្រូវបានធ្វើកំណត់ហេតុ និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរករថយន្តនិងម៉ូតូសណ្តោងរុឺម៉កដែលរត់គេចខ្លួន ដើម្បីយកមកដោះស្រាយតាមច្បាប់។

administrator

Related Articles