ខេត្តព្រះសីហនុ – ក្រុមហ៊ុនអគ្គិសនីកម្ពុជា បានប្រកាសជាផ្លូវការថា ខ្សែបណ្ដាញអគ្គិសនីកម្លាំង ៣៥គីឡូវ៉ុល ដែលភ្ជាប់ពីឆ្នេរកោះរ៉ុងទៅកោះរ៉ុងសន្លឹម បានបញ្ចប់ការសាងសង់ហើយ និងនឹងចាប់ផ្ដើមបញ្ជូនថាមពលចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។

គម្រោងសំខាន់នេះ នឹងផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅលើកោះរ៉ុងសន្លឹម ដែលជាការលើកកម្ពស់គុណភាពជីវភាពរស់នៅ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។
ក្រុមហ៊ុនបានអំពាវនាវដល់ប្រជានេសាទ និងសាធារណជនទាំងអស់ដែលធ្វើដំណើរតាមតំបន់នេះ ឱ្យប្រុងប្រយ័ត្នជាពិសេសចំពោះខ្សែបណ្ដាញអគ្គិសនីទាំងប្រភេទអាកាស កប់ដី និងខ្សែក្រោមបាតសមុទ្រ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាន។
ការបើកប្រើប្រាស់ខ្សែបណ្ដាញថ្មីនេះ ត្រូវបានគេរំពឹងថានឹងជួយដោះស្រាយបញ្ហាកង្វះអគ្គិសនីដែលប្រជាពលរដ្ឋនៅកោះរ៉ុងសន្លឹមជួបប្រទះអស់រយៈពេលជាយូរមកហើយ។
