
រាជធានីភ្នំពេញ – ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំមហាសន្និបាតបច្ចេកវិទ្យាសហគ្រាសឆ្នាំ២០២ំ នៅសណ្ឋាគាររ៉ាហ្វលភ្នំពេញ ដោយប្រមូលផ្តុំអ្នកដឹកនាំធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរយនាក់។ ព្រឹត្តិការណ៍នេះបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់មិត្តហ្វូនពីក្រុមហ៊ុនទូរគមនាគមន៍ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល។

លោក អ៊ុក ជីបផល អគ្គនាយករងមិត្តហ្វូន បានសង្កត់ធ្ងន់ក្នុងសុន្ទរកថាបើកកម្មវិធីថា៖ “បរិវត្តកម្មឌីជីថលលែងជាជម្រើសទៀតហើយ ប៉ុន្តែវាគឺជាផ្លូវដែលមិនអាចខ្វះបានសម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ មិត្តហ្វូនប្តេជ្ញារួមដំណើរជាមួយដៃគូរបស់យើងនៅគ្រប់ដំណាក់កាលនៃដំណើរផ្លាស់ប្តូររបស់ពួកគេ។”

ក្នុងកម្មវិធីនេះ មិត្តហ្វូនបានណែនាំប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយរួមបញ្ចូលគ្នាដែលផ្តោតលើបច្ចេកវិទ្យាជំនាន់ថ្មីដូចជា AI, Big Data, សន្តិសុខសាយប័រ និងខ្លោដកុំព្យូទ័រ។ ដំណោះស្រាយទាំងនេះត្រូវបានរចនាឡើងដើម្បីជួយកាត់បន្ថយចំណាយ ពង្រឹងសន្តិសុខ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការសម្រាប់វិស័យហិរញ្ញវត្ថុកម្ពុជា។

ព្រឹត្តិការណ៍នេះក៏បានធ្វើកិច្ចពិភាក្សាដេញដោលយ៉ាងស៊ីជម្រៅដោយមានការចូលរួមពីអ្នកជំនាញ AI និងទិន្នន័យ តំណាងធនាគារ និងដៃគូយុទ្ធសាស្ត្រដូចជា Cisco, eMoney និង Viettel IDC។ មហាសន្និបាតនេះបញ្ជាក់ពីទិសដៅយុទ្ធសាស្ត្ររបស់មិត្តហ្វូនក្នុងការពង្រីកអាជីវកម្ម B2B ជាពិសេសក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។
