ណេតាន់យ៉ាហ៊ូប្តេជ្ញាបន្តវាយអ៊ីរ៉ង់ បោះពាក្យឌឺដងទៅប្រធានាធិបតីតួកគី

ណេតាន់យ៉ាហ៊ូប្តេជ្ញាបន្តវាយអ៊ីរ៉ង់ បោះពាក្យឌឺដងទៅប្រធានាធិបតីតួកគី

ជម្លោះមជ្ឈិមបូព៌ា

ទោះបីជាអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងឈប់បាញ់គ្នារយៈពេល២សប្តាហ៍ក៏ដោយ ក៏កម្តៅនៃជម្លោះមជ្ឈិមបូព៌ានៅតែមិនអាចថយចុះបានឡើយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាថានឹងបន្តវាយប្រហារអ៊ីរ៉ង់ ហើយថែមទាំងបោះពាក្យសម្តីឌឺដងទៅកាន់ប្រធានាធិបតីតួកគី Recep Tayyip Erdogan ទៀតផង។

ក្នុងសារបង្ហោះលើបណ្តាញសង្គម X នាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យទី១២ខែមេសាឆ្នាំ២០២៦ លោក Netanyahu សរសេរយ៉ាងច្បាស់៖ «ប្រទេសអ៊ីស្រាអែល ក្រោមការដឹកនាំរបស់ខ្ញុំ គឺនឹងបន្តប្រយុទ្ធប្រឆាំងនឹងរបបភេរវកម្មរបស់អ៊ីរ៉ង់ និងក្រុមប្រូកស៊ីរបស់ពួកគេ មិនដូចលោក Erdogan ដែលកំពុងផ្តល់ទីជម្រកឲ្យពួកគេ និងកាប់សម្លាប់ពលរដ្ឋឃើដ របស់ខ្លួនឯងនោះឡើយ»។

សារនេះគឺជាការឆ្លើយតបទៅប្រធានាធិបតីតួកគី ដែលមុននេះបានថ្លែងថា អ៊ីស្រាអែលបន្តរារាំងឬធ្វើឲ្យរង្គោះរង្គើដល់រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានប្រធានាធិបតីក្នុងទីក្រុងអង់ការ៉ាកាលពីសប្តាហ៍មុន លោក Erdogan បានថ្លែងថា សង្រ្គាមមជ្ឈិមបូព៌ា ដែលចាប់ផ្ដើមនៅថ្ងៃទី២៨ខែកុម្ភៈ នៅតែបន្តឆក់យកជីវិតមនុស្ស បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតក៏ដោយ។ អ៊ីស្រាអែល បានបង្អាក់ដល់គំនិតផ្ដួចផ្ដើមទាំងឡាយដែលរៀបចំឡើងដើម្បីបញ្ចប់ជម្លោះនេះ។

ប្រតិកម្មទៅនឹងរឿងនេះ លោក Burhanettin Duran ប្រធានផ្នែកទំនាក់ទំនងរបស់តួកគី បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «មនុស្សគ្រប់គ្នាដឹងថា លោក Netanyahu គ្មានតម្លៃសីលធម៌ និងភាពស្របច្បាប់ណាមួយដើម្បីមកបង្រៀននរណាម្នាក់ឡើយ។ Netanyahu ដែលជាអ្នករៀបចំផែនការប្រល័យពូជសាសន៍នៅហ្គាហ្សា និងបានវាយប្រហារប្រទេសចំនួន ៧ ក្នុងតំបន់ ហ៊ានមកកំណត់គោលដៅវាយប្រហារលើប្រធានាធិបតីរបស់យើង ដោយសារតែភាពអស់សង្ឃឹមរបស់លោកតែប៉ុណ្ណោះ»។

លោក Duran បន្តថា Netanyahu គឺជាឧក្រិដ្ឋជនដែលមានដីកាចាប់ខ្លួនជាប់នឹងឈ្មោះ និងគ្មានមិត្តភក្តិនៅសេសសល់។ គោលនយោបាយរបស់ Netanyahu កំពុងទាញតំបន់ទាំងមូលឲ្យធ្លាក់ក្នុងអស្ថិរភាព និងជម្លោះ ដើម្បីតែជាមធ្យោបាយក្នុងការរក្សាអំណាចរបស់ខ្លួនតែប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles