ភ្នំពេញ៖ រថយន្តឡាក់សឺស CT-200h មួយគ្រឿងបើកបរក្នុងល្បឿនលឿនបានរ៉េចង្កូតទៅបុកបង្គោលភ្លើងថ្មមួយដើម បណ្តាលឲ្យបាក់ និងធ្វើឲ្យរថយន្តខូចខាតយ៉ាងដំណំ រួមទាំងបណ្តាលឲ្យបុរសម្នាក់ជាប្តីរងរបួសធ្ងន់។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១១ យប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវបេតុង ក្រោយបុរីជីប ម៉ុង ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក់ Lexus CT-200h ពាក់ស្លាកលេខភ្នំពេញ 2CA-0457 បើកបរដោយបុរសម្នាក់ រួមជាមួយអ្នករួមដំណើរដែលជាគ្រួសារ រួមមានប្រពន្ធនិងកូន។

រថយន្តនេះបានបើកបរក្នុងល្បឿនលឿន ហើយបានរ៉េចង្កូតទៅបុកបង្គោលភ្លើងថ្មមួយដើម បណ្តាក់ឲ្យបាក់ ចំណែករថយន្តខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យបុរសជាប្តីរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីទទួលការព្យាបាល។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេតពីមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ។

គ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើឲ្យមានការចាប់អារម្មណ៍ពីសាធារណជន ដោយសារតែការបើកបរល្បឿនលឿនក្នុងតំបន់ដែលមានអ្នករស់នៅច្រើន។

សមត្ថកិច្ចបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រយ័ត្នប្រយែងក្នុងការបើកបរ ជាពិសេសនៅពេលយប់ និងក្នុងតំបន់ដែលមានហានិភ័យខ្ពស់។
