កម្ពុជាប្រកាសតវ៉ាយ៉ាងខ្លាំងក្លា ទាមទារថៃបញ្ឈប់សកម្មភាពឈ្លានពានព្រំដែន

កម្ពុជាប្រកាសតវ៉ាយ៉ាងខ្លាំងក្លា ទាមទារថៃបញ្ឈប់សកម្មភាពឈ្លានពានព្រំដែន

ភ្នំពេញ – ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសផ្លូវការតវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ព្រំដែនកម្ពុជា-ថៃ

សេចក្តីប្រកាសដែលចេញនៅថ្ងៃនេះបញ្ជាក់ថា កងកម្លាំងថៃបានធ្វើសកម្មភាពខុសច្បាប់នៅតំបន់ព្រំដែនខេត្តបាត់ដំបង និងឧត្តរមានជ័យតាំងពីខែធ្នូ ឆ្នាំ២០២៥។ ការបំពានដ៏ធ្ងន់ធ្ងរបំផុតគឺការលើកដងទង់ជាតិថៃនៅលើទំនប់ខាងកើតអូរទីពីរ ក្នុងសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

ក្រសួងការបរទេសបានចង្អុលបង្ហាញពីសកម្មភាពពីរប្រភេទដែលរំលោភលើអធិបតេយ្យភាពកម្ពុជា៖ ទីមួយ ការសាងសង់របងព្រំដែនជាឯកតោភាគីនៅតំបន់ចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៤ ដែលចាប់ផ្តើមពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។ ទីពីរ ការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតនៅថ្ងៃទី៧ ខែមេសា ដោយលោកឧត្តមសេនីយ៍ ប្រាផាស ស៊នឆៃឌី មេបញ្ជាការកងទ័ពអាកាសថៃ។

ការតវ៉ារបស់កម្ពុជា

“សកម្មភាពទាំងនេះបង្ហាញពីការប្រើសិទ្ធិអំណាចរដ្ឋបាលដោយប្រទេសថៃ រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា” ជាការបញ្ជាក់ពីក្រសួងការបរទេស។

កម្ពុជាបានច្រានចោលការសាងសង់របងព្រំដែនដោយឯកតោភាគីនេះ ដោយលើកឡើងថាវាផ្ទុយទៅនឹងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងប៉ះពាល់ទៅលើការដាំបង្គោលព្រំដែនបណ្តោះអាសន្នដែលបានធ្វើដោយក្រុមវាស់វែងចម្រុះ។

រាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ដែលផ្ទុយនឹងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ កម្ពុជានៅតែប្រកាន់យ៉ាងខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ស្រីណា

administrator

Related Articles