ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានធ្វើប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ១០នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីបង្កអុកឡុក និងដេញវាយគ្នាដោយប្រើអាវុធកាំបិត។ ក្រុមក្មេងទំនើងទាំងនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមផ្លូវច្បាប់។

នគរបាលស្រុកកំពង់រោទិ៍បានឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍បានទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីក្រុមក្មេងទំនើងមួយក្រុមដែលកំពុងធ្វើសកម្មភាពបង្កអុកឡុក និងដេញវាយគ្នាដោយប្រើកាំបិតនៅតំបន់ដីឡូតិ៍ក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ និងចាត់វិធានការយ៉ាងរហ័សរហួន។ ដោយស្ថិតក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ១០នាក់។

ក្នុងអំឡុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន៖ ម៉ូតូចំនួន ២គ្រឿង និងកាំបិតចំនួន ០៥ដើម។ បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំងនេះត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដោយ៖ សុថាន
