រាជធានីភ្នំពេញ៖ បេក្ខភាពបវរកញ្ញា ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានចេញសំណេរទាមទារអោយមានការអនុវត្តវិធានការតឹងរ៉ឹងទៅលើការសេពគ្រឿងស្រវឹងរបស់យុវវ័យដែលមិនទាន់គ្រប់អាយុ ដោយលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរលើសង្គម។

ការទាមទារនេះធ្វើឡើងបន្ទាប់ពីនាងបានសង្កេតឃើញការធ្លាក់ចុះនៃសីលធម៌សង្គម និងការកើនឡើងនៃគ្រោះថ្នាក់តាមដងផ្លូវ ដែលមូលហេតុសំខាន់មកពីការផឹកស្រវឹងរបស់យុវវ័យ។ នាងបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ដោយលើកឡើងថា៖ “សីលធម៌នឹងចាប់ផ្តើមធ្លាក់ចុះ ជំងឺនឹងកើនឡើង បុករត់ រំលោភផ្លូវភេទក៏ច្រើន ដោយសារតែសុរា។”

ហ្វីយ៉ាតា បានចង្អុលបង្ហាញថា ការប្រមូតការផឹកស្រវឹងកំពុងពេញនិយមលើបណ្តាញសង្គម ដែលអាចពង្វក់ស្មារតីអោយជ្រួលជ្រើមដោយមិនដឹងមុនក្រោយ។ នាងស្នើអោយមានការពង្រឹងវិធានការលើការត្រួតពិនិត្យអាយុនៃការចូលបារ និងក្លឹប រួមទាំងការលក់ដូរតាមហាងផ្សេងៗ។

“គួរតែដល់ពេលហើយ យើងមិនអាចបណ្ដោយទៀតទេ។ គ្រោះថ្នាក់លើដងផ្លូវច្រើនមក ក៏ដោយសារការផឹកស្រវឹងហ្នឹងដែរ។ ផ្ទះលេខ ២ រឿងចូលក្លឹប ចូលបារ ឬហាងនេះ មួយវាចែក passport, ID card ច្បាស់ៗ… កុំអោយវាសើចយំយើងមើល។” នាងបានបញ្ជាក់។

បវរកញ្ញាបានលើកឡើងថា ប្រទេសជិតខាងកម្ពុជាក៏មានការអនុវត្តវិធានការនានាចំពោះរឿងនេះរួចហើយ ហើយគួរតែយកជាគំរូ។ នាងសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងយកចិត្តទុកដាក់លើបញ្ហានេះ និងអនុវត្តវិធានការចាំបាច់ដើម្បីការពារយុវវ័យ។

អត្ថបទសរសេរដោយ សុខ វាសនា
កែសម្រួលដោយ ស្រីណា
