ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុបានធ្វើប្រតិបត្តិការធំដាក់ពង្រាយក្រុមអនឡាញស្កាំ ដោយឃាត់ខ្លួនជនសង្ស័យ៤៩នាក់ និងរឹបអូសទូរសព្ទដៃជាង១,៥០០គ្រឿងក្នុងប្រតិបត្តិការតែមួយថ្ងៃ។

ការចុះប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំង១០កន្លែងក្នុងខេត្តព្រះសីហនុ។ ក្រុមការងារចម្រុះបានបង្កើនល្បឿនក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ ដើម្បីត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការស្នាក់នៅមិនស្របច្បាប់របស់ជនបរទេស។

នៅទីតាំងមួយក្រោយសណ្ឋាគារអ៊ូថុង ក្រុមសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេស៤៩នាក់ និងដកហូតទូរសព្ទដៃ៤៣៥គ្រឿង កុំព្យូទ័រលើតុ៧៥គ្រឿង និងកុំព្យូទ័រយួរដៃ៥គ្រឿង។ នៅអគារហ័រធីងអ៊ីនយៀកសឹងទៀន អាជ្ញាធរបានរកឃើញទូរសព្ទដៃ១,៥០០គ្រឿង ម៉ូនីទ័រ១៤៥គ្រឿង និងរថយន្ត៥គ្រឿង។

នៅកាស៊ីណូ “ហ្សុងហ័ររី ហ្គោលដិន សេន” អាជ្ញាធរបានរកឃើញមនុស្ស១០៤នាក់ ក្នុងនោះមានស្ត្រី១៧នាក់។ បច្ចុប្បន្ន ជនបរទេស៣៥នាក់ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំណែក៦៩នាក់ទៀតត្រូវបានអនុញ្ញាតឱ្យទិញសំបុត្រយន្តហោះចាកចេញពីកម្ពុជា។

គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរខេត្តព្រះសីហនុបានអនុវត្តការត្រួតពិនិត្យទីតាំងស្នាក់នៅសរុប៧៧៤ទីតាំង ក្នុងនោះបានបង្ក្រាបទីតាំងពាក់ព័ន្ធនឹង Online Scams បាន២៨ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេសស្នាក់នៅមិនស្របច្បាប់១៦ទីតាំង។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ដោយកំណត់ដាក់ទោសជនល្មើសត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ១,០០០លានរៀល។

អត្ថបទសរសេរដោយ សហការី | កែសម្រួលដោយ សារ៉ា ចន្ទ
