ខេត្តកំពង់ស្ពឺ៖ យុវជនអាយុ២៤ឆ្នាំបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តដែលបើកបរបញ្ច្រាសទិសចំពីមុខពេញទំហឹង។

ហេតុការណ៍សោកសៅនេះបានកើតឡើងនៅម៉ោង២:៣០រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៣ទៅលេខ៣៤ ត្រង់ចំណុចភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង។

នគរបាលស្រុកសំរោងទងបានឱ្យដឹងថា អ្នករងគ្រោះគឺយុវជនឈ្មោះ ពន្លឺ សំណាង អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិត្រពាំងរុន ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ។ លោកបានជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស-ខៀវ លេខផ្លាកកំពង់ស្ពឺ 1Y-8621 ធ្វើដំណើរតាមផ្លូវជាតិលេខ៥១ពីទិសខាងត្បូងទៅទិសខាងជើង។

នៅពេលមកដល់ចំណុចកើតហេតុ ម៉ូតូបានបុកជាមួយរថយន្តម៉ាកស៊ាំយ៉ុង ពណ៌ប្រផេះ លេខផ្លាកភ្នំពេញ 2AJ-4548 ដែលកំពុងបើកបរបញ្ច្រាសទិសចំពីមុខយ៉ាងពេញទំហឹង។ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនក្រោយពេលកើតហេតុ។

បច្ចុប្បន្ន នគរបាលជំនាញបានយកវត្ថុតាងទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរបណ្ដោះអាសន្ន រង់ចាំធ្វើការដោះស្រាយ។ សពយុវជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ។
