ខេត្តព្រះសីហនុ៖ ការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជាបានទទួលជោគជ័យយ៉ាងធំធេង នៅពេលដែលរដ្ឋបាលខេត្តព្រះសីហនុបានធ្វើប្រតិបត្តិការវាយប្រហារលើបណ្តាញឧក្រិដ្ឋជនទាំងនេះ។

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចម្រុះដែលដឹកនាំដោយរដ្ឋបាលខេត្តព្រះសីហនុបានបង្កើនល្បឿនក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ ដើម្បីត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងការស្នាក់នៅមិនស្របច្បាប់របស់ជនបរទេស។

នៅក្នុងប្រតិបត្តិការដ៏ធំនេះ សមត្ថកិច្ចបានវាយប្រហារសរុបចំនួន១០ទីតាំង ដោយក្នុងនោះមានទីតាំងមួយស្ថិតនៅក្រោយសណ្ឋាគារអ៊ូថុង ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានឃាត់ខ្លួនជនបរទេសចំនួន៤៩នាក់ និងដកហូតទូរសព្ទដៃ៤៣៥គ្រឿង កុំព្យូទ័រលើតុ៧៥គ្រឿង និងកុំព្យូទ័រយួរដៃ៥គ្រឿង។

ចំណែកនៅអគារហ័រធីងអ៊ីនយៀកសឹងទៀន ស្ថិតនៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ក្រុមសមត្ថកិច្ចបានចុះបង្ក្រាបអគារមួយកន្លែងទៀតជាប់កាស៊ីណូហ្សុងហ័ររី ដោយរកមិនឃើញមនុស្សស្នាក់នៅទេ ប៉ុន្តែបានដកហូតវត្ថុតាងដូចជា ទូរសព្ទដៃ១,៥០០គ្រឿង ម៉ូនីទ័រ១៤៥គ្រឿង និងរថយន្ត៥គ្រឿង។

នៅកាស៊ីណូ “ហ្សុងហ័ររី ហ្គោលដិន សេន” ក្រុមការងារសមត្ថកិច្ចបានរកឃើញមនុស្សសរុប១០៤នាក់ (ស្រី១៧នាក់) ក្នុងនោះមានលិខិតឆ្លងដែន៧៥នាក់។ បច្ចុប្បន្ន ជនបរទេស៣៥នាក់ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញ ចំណែក៦៩នាក់ទៀតត្រូវបានអនុញ្ញាតឱ្យទិញសំបុត្រយន្តហោះដើម្បីចាកចេញពីកម្ពុជា។

ក្នុងថ្ងៃដដែល ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំនៅសណ្ឋាគារប៉ាមី ឃាត់ខ្លួនជនជាតិចិន៤នាក់ (គ្មានលិខិតឆ្លងដែន) និងម្នាក់ទៀតពាក់ព័ន្ធករណីគ្រឿងញៀន។

គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុបានអនុវត្តការត្រួតពិនិត្យទីតាំងស្នាក់នៅសរុបចំនួន៧៧៤ទីតាំង ក្នុងនោះបានបង្ក្រាបទីតាំងពាក់ព័ន្ធនឹង Online Scams បានចំនួន២៨ទីតាំង និងរកឃើញទីតាំងដែលមានជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន១៦ទីតាំង។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច។

គួររម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។
