ខេត្តបន្ទាយមានជ័យ៖ ក្រុមចោរក្មេងដែលមានសមាជិករហូតដល់១១នាក់ ដែលធ្វើសកម្មភាពកាប់ប្លន់ម៉ូតូនៅក្រុងប៉ោយប៉ែត ត្រូវបានកងអាវុធហត្ថប៉ោយប៉ែតបង្ក្រាបអស់ពីរនាក់ និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។

លោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានអាយុពី១៤ទៅ២២ឆ្នាំ ដែលរស់នៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅចំណុចបណ្តោយផ្លូវជាតិលេខ៥៨ ស្ថិតភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ក្រុមចោរមានគ្នា១១នាក់ជិះម៉ូតូ៤គ្រឿង មានកាំបិត ដំបង បានធ្វើសកម្មភាពស្ទាក់កាប់ប្លន់យកម៉ូតូជនរងគ្រោះឈ្មោះ ភឹម សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ ដែលកំពុងជិះម៉ូតូឌុបប្រពន្ធកូន៣នាក់។

ក្រោយទទួលព័ត៌មាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន១១នាក់ និងម៉ូតូ៤គ្រឿង និងរឹបអូសបានកាំបិតធ្វើសកម្មភាពនៅថ្ងៃដដែល។

អត្ថបទសរសេរដោយ ប៊ុន ធឿន
កែសម្រួលដោយ ស្រីណា
