កងរាជអាវុធហត្ថដងទង់ឃាត់ខ្លួនក្មេង៥នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូបង្កអសន្តិសុខ

កងរាជអាវុធហត្ថដងទង់ឃាត់ខ្លួនក្មេង៥នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូបង្កអសន្តិសុខ

ខេត្តកំពត៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ បានចុះអនុវត្តវិធានការច្បាប់ និងអប់រំណែនាំដល់ក្រុមសិស្សសាលា និងក្មេងទំនើងចំនួន ៥នាក់ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូបង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

កងរាជអាវុធហត្ថដងទង់

កិច្ចប្រតិបត្តិការ និងការឃាត់ខ្លួនកិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ០៩:៣៥នាទី ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពត និងមានការឯកភាពពី លោក កឹម បូណា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដងទង់។

ការឃាត់ខ្លួន

លោកវរសេនីយ៍ត្រី ឡុង ឆានី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ បានដឹកនាំកម្លាំងសរុប ០៩នាក់ ប្រើប្រាស់មធ្យោបាយរថយន្ត ០១គ្រឿង និងម៉ូតូ ០៤គ្រឿង ចុះឃាត់ខ្លួនយុវជនទាំង ៥នាក់ រួមមាន៖

១. ឈ្មោះ នួន សុភ័ក្ដ្រ អាយុ ១៤ឆ្នាំ (កសិករ)
២. ឈ្មោះ ធាន ពុទ្ធី អាយុ ១៤ឆ្នាំ (កសិករ)
៣. ឈ្មោះ លុច ចាន់ណារ៉ា អាយុ ១៦ឆ្នាំ (សិស្ស)
៤. ឈ្មោះ ឈុំ សុវណ្ណមករា អាយុ ១៦ឆ្នាំ (សិស្ស)
៥. ឈ្មោះ គី សុភីគុណ អាយុ ១៥ឆ្នាំ (សិស្ស)

យុវជនដែលត្រូវឃាត់ខ្លួន

មូលហេតុនៃការឃាត់ខ្លួន យុវជនទាំង ៥នាក់ខាងលើ ត្រូវបានរកឃើញថាមានការពាក់ព័ន្ធនឹងករណីបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅលើផ្លូវជាតិលេខ ៣៥A ស្ថិតក្នុងភូមិព្រៃពក ឃុំដងទង់ កាលពីល្ងាចថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២៦ កន្លងទៅ។ សកម្មភាពនេះបានបង្កឱ្យមានការភ័យខ្លាចដល់អ្នកធ្វើដំណើរ និងរំខានដល់សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការអប់រំណែនាំ

ក្រោយការឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថបាននាំយកពួកគេមកកាន់បញ្ជាការដ្ឋាន ដើម្បីធ្វើកិច្ចសន្យា និងអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពអវិជ្ជមានទាំងនេះ។ បន្ទាប់ មក សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលឱ្យមកធ្វើលិខិតធានា និងទទួលយកកូនចៅត្រឡប់ទៅលំនៅ ឋានវិញ ដើម្បីបន្តការអប់រំនៅតាមផ្ទះ និងសាលារៀន។

ការធ្វើកិច្ចសន្យា

អាជ្ញាធរមានសមត្ថកិច្ច ក៏បានអំពាវនាវដល់យុវជន ទាំងអស់ ត្រូវខិតខំរៀនសូត្រ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការធ្វើសកម្មភាពណាដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព»៕

ការអំពាវនាវដល់យុវជន

administrator

Related Articles