ខេត្តកំពត៖ តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានរក្សាបានចំនួនសត្វក្រៀលខ្ពស់បំផុតក្នុងប្រទេសកម្ពុជានាឆ្នាំ២០២៦នេះ។

ជាកំណត់ត្រាខ្ពស់ជាងគេក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បង្ហាញពីផលវិជ្ជមាននៃការងារអភិរក្សតំបន់ដីសើមដ៏តូចមួយនេះ។ តាមរបាយការណ៍ពីអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC) វត្តមានសត្វក្រៀលនៅតំបន់នេះមានការកើនឡើងយ៉ាងសំខាន់។

កិច្ចខិតខំប្រឹងប្រែងនេះឆ្លុះបញ្ចាំងពីតួនាទីសំខាន់នៃការអភិរក្សតំបន់ដីសើម ដោយមានកិច្ចសហការពីមន្ទីរបរិស្ថានខេត្តកំពត និងការគាំទ្របច្ចេកទេស និងថវិកាពីអង្គការជីវិតធម្មជាតិនៅកម្ពុជា។
កិច្ចសហការនេះបានបង្កើតតំបន់ស្រែស្រូវមិត្តក្រៀល សម្រាប់បង្កើនចំណីសត្វក្រៀល និងអង្គការ WWT ក្នុងការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានតាមរយៈទេសចរណ៍ធម្មជាតិ។

សត្វក្រៀលដែលមករកចំណីក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងមានការកើនឡើង និងបន្តរកចំណីពេលយូរ បង្ហាញយ៉ាងច្បាស់ពីការចូលរួមអភិរក្សតំបន់នេះយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធ។

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្បែរតំបន់ បានចូលរួមការពារនិងអភិរក្សតំបន់នេះយ៉ាងសកម្ម ដែលធានាចីរភាពក្នុងតំបន់អភិរក្ស។
សូមចូលរួមអភិរក្ស និងសំអាតអនាម័យបរិស្ថានទាំងអស់គ្នា!
ដោយ៖ ចន្ទ លីហ្សា
