ភ្នំពេញ៖ ធនាគារជាតិកម្ពុជាបានសម្រេចដកហូតអាជ្ញាបណ្ណពីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស បន្ទាប់ពីរកឃើញថាគ្រឹះស្ថាននេះមិនបានអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិកម្ពុជា។

គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក បានទទួលអាជ្ញាបណ្ណកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ដើម្បីធ្វើប្រតិបត្តិការទូទាត់សងប្រាក់។ ធនាគារជាតិបានសម្រេចដកហូតអាជ្ញាបណ្ណកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយទុករយៈពេល១៥ថ្ងៃ ដើម្បីឱ្យគ្រឹះស្ថានស្វែងរកក្រុមហ៊ុនជម្រះបញ្ជី។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ធនាគារជាតិកម្ពុជាបានតែងតាំងក្រុមហ៊ុនសវនកម្ម រីចន៍&ផាតនើរ ជាក្រុមហ៊ុនជម្រះបញ្ជីរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស។ តាមរយៈការអនុវត្តនីតិវិធីជម្រះបញ្ជី ក្រុមហ៊ុនសវនកម្មនឹងប្រកាសជូនដំណឹងជាសាធារណៈយ៉ាងយូរបំផុតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦។
គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ពុំមែនជាធនាគារ និងមិនមានសិទ្ធិទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាននោះទេ។ ធនាគារជាតិនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នលើការអនុវត្តការជម្រះបញ្ជី ដើម្បីការពារផលប្រយោជន៍អតិថិជន។
