
ភ្នំពេញ៖ កម្លាំងជំនាញរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសណ្ឋាគារ Wyndham Grand Phnompenh Capital កាលពីថ្ងៃទី១២ មេសា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៣១១ នាក់ ដែលមាន៥សញ្ជាតិ៖ ចិន ២៥៤ នាក់ (ក្នុងនោះតៃវ៉ាន់ ១៨២ នាក់) ម៉ាឡេស៊ី ៣០ នាក់ វៀតណាម ២៣ នាក់ និងឥណ្ឌា ២ នាក់។ ក្នុងចំណោមនេះមាន១៤៤នាក់គ្មានលិខិតឆ្លងដែន។

សម្ភារៈវត្ថុតាងដែលដកហូតបានរួមមាន៖ ទូរស័ព្ទដៃ ៦១៥ គ្រឿង កុំព្យូទ័រយួរដៃ ១៤០ គ្រឿង កុំព្យូទ័រ All in One ៣១ គ្រឿង ម៉ូនីទ័រ ៦ គ្រឿង និង CPU ៣ គ្រឿង។

យោងតាមការស៊ើបអង្កេតបឋម ទីតាំងនេះប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាច្រើនប្រភេទ រួមមាន៖ ឆបោកអូសទាញវិនិយោគ ឆបោកក្រោមរូបភាពក្រុមហ៊ុន Nanhua Singapore ឆបោកលើរូបិយប័ណ្ណឌីជីថល និងក្លែងបន្លំជាមន្រ្តីរដ្ឋាភិបាល។

បច្ចុប្បន្ន ជនបរទេសទាំង៣១១នាក់ រួមនឹងសម្ភារៈវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់។

