
ក្តីសង្ឃឹមរបស់សហគមន៍អន្តរជាតិក្នុងការបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានរលាយបាត់បន្ទាប់ពីការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បរាជ័យយ៉ាងខ្លាំង។ កិច្ចប្រជុំប្រវត្តិសាស្រ្តនៅប៉ាគីស្ថានមិនអាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយបានទេ។
តាមការផ្សាយរបស់ CBS News ភាគីទាំងពីរបានពិភាក្សាលើលក្ខខណ្ឌចំនួន១០ចំណុច ប៉ុន្តែក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា លក្ខខណ្ឌចំនួន៣ជាមូលហេតុចម្បងដែលនាំឲ្យការចរចាបរាជ័យ។ ភាគីទាំងសងខាងមានជំហរខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើបញ្ហាទាំងនេះ។
ក្រសួងបានបញ្ជាក់នៅថ្ងៃទី១២ មេសា ២០២៦ ថា ទោះបីជាភាគីទាំងពីរបានឈានដល់ការយល់ឃើញរួមលើចំណុចមួយចំនួនក៏ដោយ ក៏បញ្ហាសំខាន់ៗចំនួន៣នៅតែជាឧបសគ្គដ៏ធំដែលរារាំងកិច្ចព្រមព្រៀង។

ប្រភពព័ត៌មានបានឱ្យដឹងថា មួយក្នុងចំណោមលក្ខខណ្ឌទាំង៣នោះពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អនុប្រធានាធិបតីអាមេរិក JD Vance បានទទួលស្គាល់ថា បញ្ហានេះជាឧបសគ្គសំខាន់ដែលនាំឲ្យកិច្ចព្រមព្រៀងបរាជ័យ។
ក្នុងសន្និសីទសារព័ត៌មាននៅអ៊ីស្លាម៉ាបាដ លោក Vance បានបញ្ជាក់ជំហររឹងមាំរបស់អាមេរិកថា៖ «យើងត្រូវការការប្តេជ្ញាចិត្តច្បាស់លាស់ថា ពួកគេនឹងមិនស្វែងរកអាវុធនុយក្លេអ៊ែរ និងមិនស្វែងរកឧបករណ៍ណាដែលអាចជួយពួកគេសម្រេចបាននូវអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័សនោះឡើយ»។
លោកបានហៅចំណុចនេះថាជា «គោលដៅស្នូល» របស់ប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការចរចានេះ។ ទន្ទឹមនេះ លោកត្រាំក៏បានព្រមានចិនថា បើហ៊ានជួយផ្តល់អាវុធឲ្យអ៊ីរ៉ង់ នឹងបង្កឱ្យមានបញ្ហាធំ។
អត្ថបទ៖ សុខ សុវណ្ណ
