អ៊ីរ៉ង់ចេញប្រតិកម្មខ្លាំង ព្រមានថា ការបិទខ្ទប់ច្រក Hormuz របស់ត្រាំ ជា «អំពើចោរកម្មសមុទ្រ»

អ៊ីរ៉ង់ចេញប្រតិកម្មខ្លាំង ព្រមានថា ការបិទខ្ទប់ច្រក Hormuz របស់ត្រាំ ជា «អំពើចោរកម្មសមុទ្រ»

ភ្នំពេញ – បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសបិទខ្ទប់ច្រក Hormuz ប្រទេសអ៊ីរ៉ង់ បានចេញប្រតិកម្មយ៉ាងខ្លាំងក្លា ដោយព្រមានថា សកម្មភាពរបស់អាមេរិក គឺស្មើនឹង «អំពើចោរកម្មសមុទ្រ»។

កប៉ាល់ក្នុងច្រក Hormuz

តាមការផ្សាយរបស់ Times of Israel នៅថ្ងៃចន្ទទី១៣ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានចេញមកបញ្ជាក់ច្បាស់ៗថា៖ «ការរឹតត្បិតរបស់សហរដ្ឋអាមេរិកលើកប៉ាល់នៅក្នុងដែនទឹកអន្តរជាតិ គឺស្មើនឹងអំពើចោរកម្មសមុទ្រ។ អ៊ីរ៉ង់នឹងអនុវត្តយន្តការអចិន្ត្រៃយ៍ ដើម្បីគ្រប់គ្រងច្រក Hormuz»។

កងទ័ពអ៊ីរ៉ង់ អះអាងទៀតថា៖ «កំពង់ផែនៅតំបន់ឈូងសមុទ្រគួរតែអាចប្រើប្រាស់បាន សម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់នរណាម្នាក់នោះទេ ហើយគ្មានកំពង់ផែណាមួយនៅក្នុងតំបន់ឈូងសមុទ្រ ឬឈូងសមុទ្រអូម៉ង់ នឹងមានសុវត្ថិភាពឡើយ ប្រសិនបើកំពង់ផែរបស់អ៊ីរ៉ង់ស្ថិតក្រោមការគំរាមកំហែងនោះ»។

ការព្រមាននេះ គឺឆ្លើយតបទៅប្រធានាធិបតីអាមេរិក ដែលប្រកាសបិទខ្ទប់ច្រក Hormuz ព្រោះតែមិនពេញចិត្តនឹងលទ្ធផលនៃការចរចាសន្តិភាពជាមួយអ៊ីរ៉ង់។

បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ សរសេរថា៖ កងទ័ពជើងទឹកអាមេរិក នឹងចាប់ផ្តើមដំណើរការបិទខ្ទប់ រាល់កប៉ាល់ ដែលព្យាយាមចូលឬចាកចេញពីច្រក Hormuz។ លោកណែនាំឲ្យកងទ័ពជើងទឹក ស្វែងរកនិងស្ទាក់ចាប់កប៉ាល់ទាំងឡាយណា នៅក្នុងដែនទឹកអន្តរជាតិ ដែលបានបង់ថ្លៃសេវាឆ្លងកាត់ឲ្យទៅអ៊ីរ៉ង់។

ក្នុងសារដដែលនោះ លោកព្រមានថា៖ «អាមេរិកនឹងចាប់ផ្តើមបំផ្លាញ រាល់គ្រាប់មីនដែលអ៊ីរ៉ង់ដាក់ពង្រាយនៅក្នុងច្រកសមុទ្រនោះ។ ជនជាតិអ៊ីរ៉ង់ណាដែលបាញ់មកលើពួកយើង ឬបាញ់លើកប៉ាល់សន្តិភាព នឹងត្រូវកម្ទេចឲ្យខ្ទេច។ ពួកយើងបានត្រៀមលក្ខណៈរួចរាល់ ១០០% ហើយ! យោធាមេរិក នឹងបញ្ចប់នូវអ្វីដែលនៅសេសសល់បន្តិចបន្តួចរបស់អ៊ីរ៉ង់!»។

អាស៊ាន បានជំរុញឲ្យអាមេរិកនិងអ៊ីរ៉ង់ បន្តកិច្ចចរចាសន្តិភាព ដើម្បីជៀសវាងជម្លោះយោធាដែលអាចកើតមាន។

administrator

Related Articles