
ភ្នំពេញ៖ នគរបាលខណ្ឌចំការមនបានឃាត់ខ្លួនបុរស៣នាក់ដែលបានបង្កហិង្សាជាមួយកម្លាំងសមត្ថកិច្ច បន្ទាប់ពីត្រូវបានគេរាយការណ៍ពីការផឹកស៊ី និងចាក់បាស់ឮខ្លាំងរំខានដល់សង្កាត់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:២០យប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១០៥ កែងផ្លូវលេខ៤២០ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

តាមការបញ្ជាក់ពីនគរបាល ពលរដ្ឋបានរាយការណ៍ថា មានក្រុមមនុស្សកំពុងធ្វើពិធីចូលបុណ្យឆ្នាំថ្មី (បុណ្យភូមិ) ដោយផឹកស៊ីស្រែកឡូឡា និងចាក់បាស់ឮខ្លាំង ធ្វើឱ្យរំខានដល់ការសម្រាកគេងដំណេករបស់អ្នកភូមិ។

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុដើម្បីណែនាំអោយឈប់បង្កសម្លេងរំខាន ប៉ុន្តែជនសង្ស័យ៣នាក់បានស្ទុះមកបង្កហិង្សាជាមួយសមត្ថកិច្ច ធ្វើឱ្យមានការផ្អើលឆោរឡោរទូទាំងតំបន់។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នាំទៅប៉ុស្តិ៍ ហើយក្រោយមកបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីបន្តនីតិវិធីច្បាប់។
អត្ថបទ៖ រដ្ឋា
