រាជធានីភ្នំពេញ៖ ហេតុការណ៍ឃាតកម្មដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាជាងម៉ោង៣រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅក្នុងហាងកាត់សក់មួយកន្លែង ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ដោយផ្ទាល់នៅកន្លែងការងារ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរដួលដេកក្នុងថ្លុកឈាម។ ប្រភពព័ត៌មានបឋមបានបង្ហាញថា ស្ត្រីរងគ្រោះគឺជាជាងសាឡន ហើយឃាតករគឺជាប្ដីនាងផ្ទាល់។

បច្ចុប្បន្ន អត្តសញ្ញាណស្ត្រីរងគ្រោះនៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ការស៊ើបអង្កេតបឋមបង្ហាញថា អំពើឃាតកម្មនេះអាចផ្ដើមចេញពីភ្លើងប្រចណ្ឌរវាងប្ដីប្រពន្ធ ឬក៏ភ្លើងគំនុំជាមួយអ្នកដទៃ។
ក្រោយពេលកើតហេតុ ឃាតករបានគេចខ្លួនបាត់ដោយសុវត្ថិភាព។ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលបានចុះទៅពិនិត្យជាក់ស្ដែង និងហៅរថយន្តពេទ្យដឹកយកជនរងគ្រោះទៅសង្គ្រោះ។
សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកឃាតករ ដើម្បីឃាត់ខ្លួនចាត់ការតាមច្បាប់។ ព័ត៌មានលម្អិតបន្ថែមអំពីហេតុការណ៍នេះនឹងត្រូវផ្សាយជូនបន្តទៀតនៅពេលក្រោយ។
