ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត LEXUS NX200t គេចពីកង់បី ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រលំ និងរងការខូចខាតចំនួន៦ផ្ទាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើករថយន្តពាក់ផ្លាកលេខភ្នំពេញ 2BN-7936 បើក LEXUS NX200t តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។ លុះមកដល់ចំណុចកើតហេតុ ក៏គេចពីកង់បីមួយគ្រឿងដែលបើកបរខាងមុខ ទាញចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតអស់ចំនួន៦ផ្ទាំង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។


ដោយ៖ សុខាសែនជ័យ
