
ទំនាក់ទំនងអាមេរិក-វិហារកាតូលិកតានតឹងខ្លាំង បន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំ រិះគន់សម្ដេចប៉ាបលីអូយ៉ាងចាស់ដៃតាមបណ្ដាញសង្គម Truth Social។
តាមព័ត៌មាន India Today ថ្ងៃទី១៣ មេសា ២០២៦ លោកត្រាំចោទសម្ដេចប៉ាបថា មានភាពទន់ជ្រាយលើបញ្ហាបទល្មើស និងមានគោលនយោបាយការបរទេសអន់ ថែមទាំងមានទំនោរទៅរកក្រុមឆ្វេងនិយមជ្រុល។

លោកត្រាំអះអាងថា សម្ដេចប៉ាបលីអូជាមេដឹកនាំខាងវិញ្ញាណដែលមិនគិតពីផលប្រយោជន៍អាមេរិក ជាពិសេសលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ លោកថែមទាំងអះអាងថា បើគ្មានលោកនៅសេតវិមានទេ សម្ដេចប៉ាបក៏មិនអាចមានវត្តមាននៅបុរីវ៉ាទីកង់ដែរ។
ការផ្ទុះកំហឹងនេះកើតពីសុន្ទរកថាសម្ដេចប៉ាបដែលថ្កោលទោស «ការភាន់ច្រឡំថាខ្លួនមានអំណាចលើសលប់» ដែលជំរុញសង្រ្គាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។

លោកត្រាំឆ្លើយតបដោយជំរុញឲ្យសម្ដេចប៉ាប«កែខ្លួន» និងបោះបង់ការធ្វើនយោបាយ។ ជម្លោះនេះក្លាយជាប្រធានបទក្ដៅគគុក ឆ្លុះបញ្ចាំងការបែកបាក់គ្នាយ៉ាងខ្លាំងទាំងនយោបាយនិងសីលធម៌។
