ជប៉ុន៖ ជនជាតិជប៉ុនរាប់ពាន់នាក់បានសរសេរសារលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ ក្នុងឱកាសពិធីសង្ក្រាន្តខ្មែរនៅជប៉ុន។

ពិធីនេះប្រព្រឹត្តទៅនៅសួន Keyaki ទីក្រុងយូគិ ខេត្តអ៊ីបារ៉ាគិ ក្រោមអធិបតីភាពឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងបងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី និងពលករសរុបប្រមាណជិត ៥០០០នាក់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋលេខាធិការបានពាំនាំនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុន។

កម្មវិធីសង្ក្រាន្តនេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងតាមទំនៀមទម្លាប់សាសនា រួមមានពិធីបង្សុកូល រាប់បាត្រ ស្រង់ព្រះ និងពូនភ្នំខ្សាច់។ ទន្ទឹមនឹងនោះ ក៏មានការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ ដូចជាបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែងជាដើម។

លើសពីនេះ កម្មវិធីក៏បានរៀបចំពិធីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងការបួងសួងសុំសន្តិភាពសម្រាប់មាតុភូមិកម្ពុជា។ ជាមួយគ្នានោះ ក៏មានដាក់ស្តង់ “មូលនិធិជូនដល់វីរកងទ័ព និងប្រជាជនភៀសសឹក” ដើម្បីឱ្យអ្នកចូលរួមអាចសរសេរសារលើកទឹកចិត្ត និងសម្តែងនូវសេចក្តីនឹករលឹកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ។

បន្ថែមពីលើសកម្មភាពកម្សាន្ត ក៏មានការដាក់បង្ហាញស្តង់ម្ហូបអាហារ និងផលិតផលខ្មែរ រួមជាមួយផ្ទាំងទស្សនីយភាពសិល្បៈដូចជា របាំជូនពរ របាំត្រុដិ និងការរាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ។
គួរបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំកម្មវិធីសង្ក្រាន្តនៅតាមបណ្តាប្រទេសដែលមានបងប្អូនពលករខ្មែររស់នៅ។ សម្រាប់ឆ្នាំ២០២៦នេះ ពិធីបុណ្យចូលឆ្នាំត្រូវបានរៀបចំឡើងនៅ១៣ទីតាំងផ្សេងៗគ្នាទូទាំងប្រទេសជប៉ុន ដែលក្នុងនោះ កម្មវិធីសង្ក្រាន្តខ្មែរនៅខេត្តអ៊ីបារ៉ាគិ គឺជាព្រឹត្តិការណ៍ដ៏ធំជាងគេបំផុត។
