ខេត្តស្វាយរៀង៖ នៅមុនពេលចូលឆ្នាំថ្មី ឆ្នាំមមី ប្រជាពលរដ្ឋរាប់ពាន់នាក់បាននាំគ្នាសម្រុកទៅផ្សារវាលយន្ត ក្រុងស្វាយរៀង ដើម្បីទិញគ្រឿងត្រៀមចូលឆ្នាំដោយច្រើនកុះករ។

អ្នកលក់ផ្លែឈើ និងអ្នកលក់ផ្កាបានលើកឡើងថា ក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២-១៣ មេសា ឆ្នាំ២០២៦នេះ មានអ្នកទិញជាច្រើនមកទិញផ្លែឈើ ផ្កា គ្រឿងផ្សំម្ហូប ត្រី សាច់មាន់ សាច់ទា សាច់គោ សាច់ជ្រូក និងគ្រឿងសមុទ្រដើម្បីត្រៀមរៀបចំទទួលទេវតា និងធ្វើចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ។

អ្នកលក់ផ្លែឈើបានបញ្ជាក់ថា ការលក់ផ្លែឈើនៅមុនថ្ងៃចូលឆ្នាំមមីនេះមានការកើនឡើងខ្លាំងបើប្រៀបធៀបនឹងឆ្នាំម្សាញ់មុន។ ឆ្នាំម្សាញ់មិនសូវមានអ្នកមកទិញផ្លែឈើ ឬផ្កាច្រើនទេ ប៉ុន្តែឆ្នាំនេះមានអ្នកមកទិញផ្លែឈើ ផ្កា និងនំគ្រឿងភេសជ្ជៈច្រើនជាងមុន។

ពលរដ្ឋទាំងអស់បានបង្ហាញពីការត្រៀមខ្លួនដ៏រហ័សរហួនក្នុងការទិញគ្រឿងត្រៀមចូលឆ្នាំ ដោយមានទាំងស្រីប្រុស ចាស់ក្មេង នាំគ្នាមកទិញគ្រឿងអាហារ ផ្លែឈើ និងផ្កាសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី។



អត្ថបទសរសេរដោយ វ៉ាន់ ប៊ុនធឿន
កែសម្រួលដោយ ស្រីណា
