ខេត្តបាត់ដំបង៖ ឧបទ្ទវហេតុចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៥:៣៨ នាទី នៅចំណុចផ្លូវប្រសព្វខាងមុខផ្ទះសំណាក់លុច្ស ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពព័ត៌មានបានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តពីរគ្រឿង៖ រថយន្តម៉ាក HYUNDAI ពណ៌ស ផ្លាកលេខភ្នំពេញ 2X-4442 ដែលបើកបរពីទិសខាងជើងទៅត្បូង និងរថយន្តម៉ាក PEUGEOT 3008 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2CA-8055 ដែលបើកបរពីទិសខាងកើតទៅលិច។
យោងតាមការស៊ើបអង្កេតដំបូង រថយន្ត PEUGEOT បានជ្រុលចង្កូតទៅបុកចំរថយន្ត HYUNDAI យ៉ាងខ្លាំង ធ្វើឲ្យរថយន្តកូរ៉េវិលក្បាលក្រឡាប់ផ្ងាជើង ហើយអ្នករួមដំណើរម្នាក់នៅក្នុងរថយន្តនោះបានរងរបួសធ្ងន់ ជាពិសេសបែកមុខ។
ក្រោយពីកើតហេតុ ក្រុមសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះមកកន្លែងកើតហេតុដើម្បីវាស់វែង និងធ្វើកំណត់ហេតុស្របច្បាប់។ ជនរងគ្រោះត្រូវបានក្រុមការងារដឹកជញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីទទួលការព្យាបាលបន្ទាន់។
សមត្ថកិច្ចកំពុងស៊ើបអង្កេតហេតុផលនៃគ្រោះថ្នាក់នេះ និងរៀបចំឯកសារច្បាប់សម្រាប់ចាត់វិធានការបន្តទៅតាមច្បាប់គតិយុត្ត។
