ខេត្តកំពង់ស្ពឺ – បុរសម្នាក់ដែលជាប្ដីចិត្តកំណាចត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនបន្ទាប់ពីបានវាយប្រពន្ធបែកក្បាលដោយចបជីក និងគំរាមរកសម្លាប់ដោយកាំបិតផ្គាក់។

ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៤-៥ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅភូមិក្រាំងឡង ឃុំជង្រុក ស្រុកគងពិសី។ ជនសង្ស័យឈ្មោះ អេង ទី អាយុ ៣១ឆ្នាំ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះ ឆយ ខែម អាយុ ៤៩ឆ្នាំ បន្ទាប់មកបានយកចបជីកដងដែកវាយទៅលើក្បាលប្រពន្ធធ្វើឱ្យបែកក្បាល។
បន្ទាប់ពីនោះ ជនសង្ស័យបានវាយចបជីកម្តងទៀតទៅលើជើងប្រពន្ធធ្វើឱ្យហើម រួចស្ទុះទៅយកកាំបិតផ្គាក់គំរាមថានឹងសម្លាប់ប្រពន្ធចោល។ សាច់ញាតិជនរងគ្រោះបានដាក់ពាក្យបណ្តឹងភ្លាមៗ ធ្វើឱ្យកម្លាំងនគរបាលអន្តរាគមន៍យ៉ាងរហ័ស។
នគរបាលស្រុកគងពិសីបានបង្ហាញថា ជនសង្ស័យតែងតែរករឿងឈ្លោះប្រកែកគ្នានិងប្រើអំពើហិង្សាទៅលើប្រពន្ធជាញឹកញាប់ ហើយមានសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់។
