ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះផ្ទាល់ទទួលស្វាគមន៍ប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងឥតគិតថ្លៃពីភ្នំពេញមកកាន់ខេត្តស្ទឹងត្រែង។

គិតត្រឹមម៉ោង ៤:០០ រសៀល រថយន្តក្រុង ១៣ គ្រឿង ដែលដឹកជញ្ជូនប្រជាពលរដ្ឋសរុប ៥៤៥ នាក់ បានមកដល់គោលដៅដោយសុវត្ថិភាព និងស្នាមញញឹមរីករាយ។

សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរពីសុខុមាលភាព និងជួយសម្រាលបន្ទុកចំណាយប្រជាពលរដ្ឋតាមរយៈការរៀបចំរថយន្តក្រុងឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

សេវាកម្មដឹកជញ្ជូនសប្បុរសនេះ នឹងបន្តផ្ដល់ជូនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរទៅមកជួបជុំគ្រួសារ និងត្រឡប់ទៅបំពេញការងារវិញបានយ៉ាងងាយស្រួល។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីស្រឡាញ់ពីថ្នាក់ដឹកនាំ ព្រមទាំងជូនពរដល់ប្រជាពលរដ្ឋទាំងអស់សូមរីករាយក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីក្នុងទឹកដីខេត្តស្ទឹងត្រែង។





