ទីក្រុងតូក្យូ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុនបានលើកឡើងនៅថ្ងៃចន្ទនេះថា ទីក្រុងតូក្យូកំពុងតាមដានយ៉ាងដិតដល់ចំពោះប្រតិបត្តិការយោធាសហរដ្ឋអាមេរិកដែលបានគ្រោងទុក ដើម្បីបិទច្រកសមុទ្រហ័រមូស (Hormuz) បន្ទាប់ពីការចរចាសន្តិភាពបរាជ័យកាលពីចុងសប្តាហ៍។

យោងតាមសារព័ត៌មាន The Japan Times ផ្សាយថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ការប្រឈមមុខដាក់គ្នាចុងក្រោយបំផុតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានធ្វើឱ្យបទឈប់បាញ់កាន់តែផុយស្រួយនិងគ្រោះថ្នាក់ ពិសេសនាំឱ្យតម្លៃប្រេងសកលហក់ឡើងវិញផងដែរ។
ប្រធានលេខាធិការជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara ប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «យើងកំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍ រួមទាំងកិច្ចចរចា (សហរដ្ឋអាមេរិក-អ៊ីរ៉ង់) និងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតផ្សេងទៀត ក៏ដូចជាចលនាទាក់ទងនឹងច្រកសមុទ្រ Hormuz ផងដែរ»។

លោកបន្ថែមថា៖ «រឿងសំខាន់បំផុតគឺសម្រេចបាននូវការជជែកគ្នាដោយសន្តិវិធី រួមទាំងការធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយតាមរយៈការទូតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងសង្ឃឹមថារឿងនេះនឹងកើតឡើង»។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសបិទផ្លូវទឹកនេះកាលពីថ្ងៃអាទិត្យ ដោយនិយាយថា៖ «វានឹងរួមបញ្ចូលកប៉ាល់នានាដែលឆ្លងកាត់ច្រកនេះទាំងអស់ ដែលព្យាយាមចូលឬចាកចេញពីច្រកសមុទ្រ Hormuz»។

យ៉ាងណាសម្រាប់ប្រទេសជប៉ុន នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) ធ្លាប់បានលើកឡើង អំឡុងកិច្ចប្រជុំកំពូលរបស់លោកស្រីជាមួយ លោក ត្រាំ នៅទីក្រុងវ៉ាស៊ីនតោនកាលពីខែមុនថា៖ «មានរឿងដែលប្រទេសជប៉ុនអាចធ្វើបាននិងមិនអាចធ្វើបាន វាស្ថិតនៅក្នុងវិសាលភាពនៃច្បាប់របស់ប្រទេសប៉ុណ្ណោះ»។
ចំណែកមន្ត្រីជប៉ុន រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Toshimitsu Motegi និយាយថា ទីក្រុងតូក្យូអាចពិចារណាដាក់ពង្រាយកងកម្លាំងការពារផ្នែកសមុទ្រសម្រាប់ការបោសសម្អាតមីនក្នុងច្រកសមុទ្រ Hormuz ប៉ុន្តែលុះត្រាតែមានការឈប់បាញ់គ្នាទាំងស្រុងនៅក្នុងជម្លោះនេះសិន៕
