ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា និងអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បានរៀបចំពិព័រណ៍រូបភាពពិសេសមួយ ដើម្បីបង្ហាញពីជីវិតសត្វព្រៃ និងសត្វល្អិតកម្រៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។

ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅសួនរុក្ខជាតិអង្គរ (ក្បែរផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត) ភ្ញៀវទេសចរអាចចូលមកកម្សាន្ត និងស្វែងយល់ពីវត្តមានសត្វព្រៃដែលកំពុងរស់នៅដូចក្នុងព្រៃធម្មជាតិ។ សត្វសំខាន់រួមមាន៖ សត្វទោចមង្កុដ ភេខ្លួនរលោង ឈ្លូស ស្វា ឆ្មារដាវ សំពោចក្រអូប និងសត្វស្លាបស្អាតៗដូចជា ក្ងោក កេងកងតូច កេងកងធំ និងសត្វភូវាំង។

លើសពីនេះ លោកអ្នកនឹងបានឃើញអាថ៌កំបាំងនៃពិភពសត្វល្អិត ដែលមានរូបភាពប្លែកៗនៃស្រមោច កណ្ដៀរ ចង្រិត កណ្ដូប មេអំបៅ និងពីងពាង ដែលជាអ្នកថែរក្សាតុល្យភាពបរិស្ថាននៅក្នុងតំបន់អង្គរ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានបញ្ជាក់ថា៖ “ការតាំងបង្ហាញនេះចង់បង្ហាញពិភពលោកថា អង្គរបច្ចុប្បន្នជាទីកន្លែងដែលវប្បធម៌ និងធម្មជាតិ រស់នៅជាមួយគ្នា។ ក្រៅពីប្រាសាទបុរាណ ភ្ញៀវទេសចរនឹងបានឃើញព្រៃឈើខៀវស្រងាត់ និងសត្វព្រៃដែលកំពុងវិលត្រឡប់មកផ្ទះចាស់របស់ពួកគេវិញ។”

លោក Nick Marx ទីប្រឹក្សាផ្នែកជីវចម្រុះ បានលើកឡើងពីជោគជ័យដ៏ធំធេងមួយថា៖ “ចាប់តាំងពីឆ្នាំ២០១៣មក សត្វព្រៃដែលបានព្រលែងបានកកើតយ៉ាងខ្លាំង ជាពិសេសសត្វទោចម្កុដ ដែលបង្កើតកូនបានរហូតដល់១១ក្បាលក្នុងព្រៃអង្គរ។ ព្រៃអង្គរគឺជាកន្លែងលេខមួយ! ការការពារសត្វព្រៃ និងព្រៃឈើ ក៏សំខាន់មិនចាញ់ការថែរក្សាប្រាសាទបុរាណឡើយ។”

ចំពោះសារៈសំខាន់នៃសត្វល្អិតតូចៗ លោក Stephane De Greef អ្នកជំនាញខាងសត្វល្អិតតូចៗ បានរំលឹកថា៖ “បើគ្មានសត្វល្អិត ជីវិតនៅលើលោកក៏មិនអាចបន្តបានដែរ។ សត្វល្អិតជាអ្នកជួយលម្អងផ្កា និងជាចំណីអាហារក្នុងខ្សែចង្វាក់អាហារធម្មជាតិ។ យើងត្រូវរៀនរស់នៅជាមួយពួកវា និងការពារពួកវាដើម្បីភាពគង់វង្សនៃធម្មជាតិ។”

សូមអញ្ជើញមកកម្សាន្តក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី និងរួមគ្នាថែរក្សាបេតិកភណ្ឌខ្មែរទាំងវប្បធម៌ និងធម្មជាតិឱ្យបានគង់វង្ស។

អត្ថបទសរសេរដោយ ច័ន្ទ រស្មី
កែសម្រួលដោយ ធីតា
