
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កឲ្យមានរឿងភ្ញាក់ផ្អើលមួយទៀត បន្ទាប់ពីលោកបានបង្ហោះរូបភាព AI បង្ហាញខ្លួនលោកក្នុងទម្រង់ជាព្រះយេស៊ូ កំពុងព្យាបាលអ្នកជំងឺ។
រូបភាពនេះបានបង្កឲ្យមានប្រតិកម្មខ្លាំងពីសំណាក់អ្នកគាំទ្រលោកផ្ទាល់ ជាពិសេសក្រុមគ្រិស្តសាសនិក និងកាតូលិក ដែលចាត់ទុកសកម្មភាពនេះថាជាការប្រមាថសាសនាយ៉ាងធ្ងន់ធ្ងរ។ លោកត្រាំបានលុបរូបភាពនោះចេញវិញ ដោយដោះសារថា លោកគ្រាន់តែ«គិតថាវាជារូបភាពលោកក្នុងនាមជាគ្រូពេទ្យ»។

រឿងរ៉ាវនេះចាប់ផ្តើមតាមរយៈការបង្ហោះសារក្ដៅគគុកនៅលើបណ្តាញសង្គម TruthSocial ដោយលោកត្រាំបានវាយប្រហារទៅលើសម្តេចប៉ាប លីអូ ថាជាមនុស្ស«ទន់ខ្សោយ» និងលើកឡើងថា សម្តេចប៉ាប«នឹងមិនអាចគង់នៅក្នុងបុរីវ៉ាទីកង់បានឡើយ ប្រសិនបើគ្មានរូបលោកនៅក្នុងសេតវិមាន»។
ការវាយប្រហារនេះកើតឡើងបន្ទាប់ពីសម្តេចប៉ាបបានសម្តែងការរិះគន់ជាបន្តបន្ទាប់ចំពោះសង្គ្រាមនៅអ៊ីរ៉ង់ និងការសម្លាប់ជនស៊ីវិល។ សម្តេចប៉ាបបានលើកឡើងថា «ការភាន់ច្រឡំថាខ្លួនមានអំណាចខ្លាំងក្លា» កំពុងតែដឹកនាំគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។

នៅពេលត្រូវបានសួរនាំ សម្តេចប៉ាប លីអូ បានរៀបរាប់ថា ទ្រង់«មិនមានការភ័យខ្លាចចំពោះរដ្ឋបាលរបស់លោកត្រាំនោះទេ» ហើយទ្រង់នឹងបន្តផ្សព្វផ្សាយនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់តទៅទៀត។ សម្តេចប៉ាបថែមទាំងបានចំអកឲ្យឈ្មោះបណ្តាញសង្គមរបស់លោកត្រាំ Truth Social ថាជារឿង«គួរឲ្យអស់សំណើច»។
ជាធម្មតា លោកត្រាំមិនសូវលុបសារដែលលោកបានបង្ហោះនៅលើបណ្តាញសង្គមឡើយ ប៉ុន្តែរូបភាព AI នោះបានបង្កឲ្យមានរលកនៃការរិះគន់យ៉ាងខ្លាំងភ្លាមៗ។ សូម្បីតែអ្នកគាំទ្រដ៏ស្មោះត្រង់របស់លោក ដូចជាពិធីករ Fox News លោកស្រី Riley Gaines និងអ្នកវិភាគគ្រិស្តសាសនា លោកស្រី Megan Basham ក៏បានចេញមុខរិះគន់រូបភាពនោះយ៉ាងចាស់ដៃថាជាទង្វើប្រមាថព្រះ និងមិនអាចទទួលយកបាន។
