ខេត្តព្រះសីហនុ – សោកនាដកម្មដ៏សែនឈឺចាប់បានកើតឡើងនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅពេលដែលឪពុកចុងម្នាក់បានចាក់កូនស្រីរបស់ខ្លួនស្លាប់ ម្តាយរបួសធ្ងន់ មុននឹងចាក់ខ្លួនឯងស្លាប់តាមក្រោយ។

ហេតុការណ៍ដ៏សែនឈឺចាប់នេះបានកើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅក្រុម២៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ តាមព័ត៌មានបឋម នារីវ័យក្មេងម្នាក់បានធ្វើដំណើរមកលេងម្ដាយបង្កើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៉ុន្តែត្រូវឪពុកចុងប្រើកាំបិតមុតស្រួចចាក់បណ្តាលឲ្យស្លាប់ភ្លាមៗ។
ភ្លាមៗក្រោយករណី ម្តាយរបស់នារីរងគ្រោះបានរងរបួសធ្ងន់ ហើយរត់ចេញមកខាងក្រៅផ្ទះដើម្បីស្រែកឱ្យញាតិជិតខាងជួយ មុននឹងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ជនបង្កជាឪពុកចុងបានព្យាយាមកាន់កាំបិតពីដើមឈរនៅមាត់ទ្វារ ទំនងក្នុងគោលបំណងតតាំងពេលប្រឈមមុខជាមួយសមត្ថកិច្ច មុនរងរបួសធ្ងន់ និងស្លាប់ក្រោយបញ្ជូនទៅព្យាបាល។
ប្រភពជុំវិញកន្លែងកើតហេតុបានដាក់ការសង្ស័យថា អាចមកពីជម្លោះពាក់ព័ន្ធបញ្ហាគ្រួសារ ឬភ្លើងប្រចណ្ឌ ប៉ុន្តែមូលហេតុពិតប្រាកដកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច។

សោកនាដកម្មខាងលើនេះបានធ្វើឲ្យមហាជនសោកស្តាយយ៉ាងខ្លាំង ព្រោះថ្ងៃដែលគួរតែជាពេលជួបជុំ និងរីករាយមានសេចក្តីសុខក្នុងគ្រួសារ បែរជាក្លាយជាថ្ងៃកើតរឿងអកុសលបែបនេះ។
