ប្រទេសជប៉ុន ៖ ទៅលេងប្រទេសជប៉ុននៅប៉ុន្មានឆ្នាំទៀត អ្នកប្រហែលជានឹងភ្ញាក់ផ្អើលខ្លាំង ដែលរថភ្លើងដំណើរការដោយគ្មានអ្នកបើកបរ ខណៈដែលកាលពីសប្តាហ៍មុនក្រុមហ៊ុនផ្លូវដែកដ៏សំខាន់មួយរបស់ប្រទេសជប៉ុន East Japan Railway បានប្រកាសថា ខ្លួននឹងដំណើរការរថភ្លើងល្បឿនលឿនគ្មានអ្នកបើកបរនៅឆ្នាំ ២០២៨។

សារព័ត៌មានក្នុងស្រុក Japan Times បានឱ្យដឹងថា ក្រុមហ៊ុន East Japan Railway ឬ JR East បានបញ្ជាក់ថា ខ្លួននឹងដំណើរការរថភ្លើងស្វ័យប្រវត្តិអមជាមួយអ្នកបើកបរម្នាក់ ដើម្បីគ្រប់គ្រងរថភ្លើងនៅពេលជួយគ្រាអាសន្ន សម្រាប់ខ្សែរថភ្លើងល្បឿនលឿន Joetsu Shinkansen រវាងស្ថានីយ៍ទីក្រុងតូក្យូ និងស្ថានីយ៍ទីក្រុងនីហ្គាតា ដោយរំពឹងថានឹងក្លាយជារថភ្លើងល្បឿនលឿនដំបូងគេដំណើរការដោយគ្មានអ្នកបើកបរ។ ហើយក្រុមហ៊ុននឹងធ្វើស្វ័យប្រវត្តិកម្មបន្តបន្ទាប់ ដើម្បីអនុញ្ញាតឱ្យរថភ្លើងដំណើរការស្វ័យប្រវត្តិ ឬគ្មានអ្នកបើកបរពេញលេញតែម្តង នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០។

គម្រោងនេះស្របតាមចក្ខុវិស័យផ្លាស់ប្តូរសម្រាប់ឆ្នាំ ២០២៧ របស់ក្រុមហ៊ុន។ នៅក្នុងសេចក្តីថ្លែងការណ៍ក្រុមហ៊ុនបានបញ្ជាក់ថា «តាមរយៈការសម្រេចបាននូវរថភ្លើងដំណើរការដោយគ្មានអ្នកបើកបរ និងការផ្លាស់ប្តូរការគ្រប់គ្រងផ្លូវដែកទៅជាប្រព័ន្ធប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព យើងនឹងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរក្នុងបរិយាកាសសង្គមដូចជា ការថយចុះចំនួនប្រជាជន និងកង្វះខាតកម្លាំងពលកម្ម»។
ល្បឿនអតិបរមារបស់រថភ្លើងល្បឿនលឿនលើខ្សែរត់ Joetsu Shinkansen មានល្បឿន ២៧៥គីឡូម៉ែត្រក្នុង១ម៉ោង ប៉ុន្តែលើខ្សែរត់ផ្សេងទៀត អាចរត់ល្បឿនរហូតដល់ ៣០០គីឡូម៉ែត្រក្នុង១ម៉ោង ឬលឿនជាងនេះ។ ប្រទេសជប៉ុនដែលមានចំនួនប្រជាជនធ្លាក់ចុះ គឺជាប្រទេសចំណាស់ជាងគេទី២របស់ពិភពលោក កំពុងតែប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្មរួចហើយនៅក្នុងវិស័យជាច្រើនរបស់ខ្លួន៕ (ប្រភព ៖ AFP, Asia News Network និង VnExpress)
