អ្នកទេសចរ​លើក​ឡើង​ថា​៖ ​ទាក់ទាញ​គ្រប់យ៉ាង​នៅ​​រមណីយដ្ឋាន​អូរ​ឫស្សី​កណ្ដាល អភ័ព្វ​អត់​តែ​ភ្លើង​អគ្គិសនី​ទេ

អ្នកទេសចរ​លើក​ឡើង​ថា​៖ ​ទាក់ទាញ​គ្រប់យ៉ាង​នៅ​​រមណីយដ្ឋាន​អូរ​ឫស្សី​កណ្ដាល អភ័ព្វ​អត់​តែ​ភ្លើង​អគ្គិសនី​ទេ

ខេត្តស្ទឹងត្រែង ៖ មាន​ចម្ងាយ​ពី​ទីរួមខេត្ត​ប្រមាណ​ជា​២៨​គីឡូម៉ែត្រ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ត្រង់​ចំណុច​ខ្លោងទ្វារវត្ត​អូរ​ច្រ​ឡង់ អប​ដោយ​រូបសំណាក​ដំរី​ធំ​ៗ​មួយគូ​ក៏​ជា​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​អេកូ​ទេសចរ​ធម្មជាតិ​មានឈ្មោះ​ថា សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​អូរ​ឫស្សី​កណ្ដាល ។

កាល​ដើម​ឡើយ តំបន់​នោះ​គ្រាន់តែ​ជា​អូរ​មួយ​ខ្សែ​ដ៏​វែង​អន្លាយ មាន​ព្រៃឈើ​ដុះ​ស្រោង​អម​តាម​មាត់​អូរ​ជាមួយ​ទឹក​ត្រជាក់​ថ្លា​ពោរពេញ​ដោយ​ថាមពល ។ ដោយ​មើលឃើញ​ពី​សក្តា​នុពល​វែង​ឆ្ងាយ តំបន់​មួយ​នោះ​ត្រូវ​បាន​គេ​បង្កើត​ឡើងជា​សហគមន៍ ដើម្បី​ថែរក្សា​ជា​ប្រយោជន៍​រួម ។


បន្ទាប់​មក នៅ​ក្នុង​ឆ្នាំ​២០០៧ តំបន់​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ទៅ​ជា​សហគមន៍​អេកូ​ទេសចរណ៍​​ធម្មជាតិ គ្រាហ៍​នោះ​ដោយ​មានការ​គាំទ្រ​លើកទឹកចិត្ត​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ទេសចរណ៍​ខេត្ត ក៏​បន្ត​រួមគំនិត​ក្នុង​ការ​កែ​លំអ ទីកន្លែង​នោះ​ឱ្យ​មាន​ជាទី​ធ្លា​សម្រាក​កំសាន្ត​តាម​បែប​ធម្មជាតិ ។

ក្រោយ​ការ​ខិតខំ​កែ​លំអ​តំបន់​នោះ​ម្ដង​បន្តិច​ម្ដង​ៗ ក៏​មានការ​ចាប់អារម្មណ៍​ត​ៗ​គ្នា​រហូត​តំបន់​នោះ​បាន​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​។ បើ​ងាក​ទៅ​មើល​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្តស្ទឹងត្រែង​ឯទៀត តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​អូ​ប្ញ​ស្សី​កណ្ដាល អាច​ទទួល​អ្នក​ទេសចរណ៍​បាន​គ្រប់​រដូវ​កាល ទាំង​រដូវប្រាំង​និង​រដូវវស្សា ។

បច្ចុប្បន្ន សហគមន៍​អេកូ​ទេសចរណ៍​មួយ​នេះ​បាន​កែប្រែ​មុខមាត់​គួរ​ឲ្យ​ទាក់ទាញ​មាន​ទាំង​ផ្លូវ​បេតុង​ហ៊ុម​ព័ទ្ធ​បរិវេណ​ទីធ្លា ម្ហូបអាហារ​ប្រកបដោយ​គុណភាព និង​តម្លៃ​សមរម្យ ទីកន្លែង​ពោរពេញ​ដោយ​ផាសុកភាព​ជាមួយ​ខ្យល់​បរិសុទ្ធ និង​មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​គួរ​ឱ្យ​ទុក​ចិត្តបាន​បន្ទប់ទឹក​អនា​ម័យ​ក៏​ស្អាតបាត​ផង​ដែរ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ហួត ហាក់ ចូល​ទៅ​ដល់​សហគមន៍​អេកូ​ទេសចរណ៍​អូរ​ឫស្សី​កណ្ដាល​នេះ​បាន​មាន​ប្រសាសន៍​ថា សហគមន៍​ទេសចរណ៍​ជា​ច្រើន លោក​បាន​ទៅ​អស់ហើយ តែ​អ្វី​ដែល​ចាប់អារម្មណ៍ គឺ​សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​អូរ​ឫស្សី​កណ្ដាល ជា​កន្លែង​ដែល​ស្រស់​ស្អាត​ដាច់​គេ សូ​ម្បី​តែ​សំរាម​មួយ​ស្ទើរនឹង​គ្មាន​ផង​។

ពាក់ព័ន្ធ​ទៅ​នឹង​សក្តានុពល​របស់​សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​អូរ​ឫស្សី​កណ្ដាល ដែល​មាន​ស្រាប់​នោះ​ក្តី ក៏​មិន​ទាន់​ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​មួយ​នេះ ផ្គាប់​តម្រូវការ​ដល់​អ្នកទេសចរ​គ្រប់គ្រាន់​ឡើយ នោះ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ភ្លើងអគ្គិសនី ។

លោក អ៊ួ​ង កុសល អនុប្រធាន​សហគមន៍​ព្រៃឈើ​អូរ​ឬ​ស្សី​កណ្ដាល​បាន​លើក​ឡើង​ថា ក្នុង​រម​ណីយដ្ឋាន​របស់​យើង​នេះ មានការ​ទាក់ទាញ​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ហើយ តែ​ភាគច្រើន​អ្នក​ទេសចរណ៍​ដែល​មក​កម្សាន្ត​នៅ​ទី​នេះ ពួក​គាត់​បាន​សាកសួរ​រក​ប្រព័ន្ធ​ភ្លើងអគ្គិសនី ដូច​ជា​តម្រូវ​ការ​ប្រើប្រាស់​កង្ហារ ប្រើប្រាស់​ភ្លើង ដើម្បី​សាក​ថ្ម​ទូរ​សព្ទ និង​របស់របរ​សម្ភារ​ដែល​ត្រូវការ​ភ្លើងអគ្គិសនី​ជា​ចាំបាច់​។ លោក​បន្ត​ថា ភ្ញៀវ​ពួក​គាត់​តែងតែ​និយាយ​ថា ចង់​នៅ​លេង​រហូត​ដល់​យប់​ទើប​ត្រឡប់​ទៅ​វិញ តែ​ដោយសារ​ទីកន្លែង​របស់​យើង​ម៉ោង​៦​យប់​ឡើង​គឺ​ចាប់ផ្ដើម​ងងឹត ពួក​គាត់​មិន​អាច​នៅ​យូរ​បាន ។

លោក អ៊ួ​ង កុសល ព្រមទាំង​ប្រធាន​សហគមន៍ និង​សមាជិក​បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មេត្តា​ផ្ដល់​លទ្ធភាព​និង​ជំរុញ​ដល់​សេវាករ​អគ្គិសនី មេត្តា​ពិនិត្យ​និង​ពិចារណា​បន្ថែម​ដើម្បី​ទម្លាក់​ភ្លើង​ដល់​សហគមន៍​បាន​ប្រើប្រាស់ បើ​គិត​ពី​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៧ ចូល​ដល់​សហ​គមន៍​អេកូ​ទេសចរណ៍​នេះ​ត្រឹមតែ​ជាង​១​ពាន់​ម៉ែត្រ​ប៉ុណ្ណោះ ក៏​មានគ្រួសារ​ប្រជាពលរដ្ឋ​សហគមន៍​ជាង​៣០​គ្រួសារ​រស់នៅ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *