ប្អូនប្រុស​លើកដៃ​បា​.​ញ់​និង​ចា​.​ក់​សម្លា.ប់​បង​បង្កើត ព្រោះតែ​ខឹង​មិន​ជួយ​មើលថែ​ម្តាយ​ចាស់

ប្អូនប្រុស​លើកដៃ​បា​.​ញ់​និង​ចា​.​ក់​សម្លា.ប់​បង​បង្កើត ព្រោះតែ​ខឹង​មិន​ជួយ​មើលថែ​ម្តាយ​ចាស់

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ប្អូន​ចិត្តសាហាវ​ម្នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ខណៈ​ដែល​យក​ចំពាម​បាញ់ និង​យក​ព្រួញ​ចាក់​សម្លាប់​បងប្រុស​បង្កើត​អូស​យក​ទៅ​ទំលាក់​ទឹកស្រះ​ក្រោយ​ភូមិ​បណ្តាល​ឱ្យ​ស្លាប់ ព្រោះតែ​ខឹង​រឿង​មិន​ជួយ​មើលថែ​ម្តាយ​ដែល​មាន​វ័យ​ចំណាស់ ។
ករណី​ឃាត់ខ្លួន​ប្អូនប្រុស​ដាច់​ចិត្ត​ចាក់​សម្លាប់​បងប្រុស​បង្កើត​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ភូមិ​ព្រៃវែង ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុ​ន អធិការ​នគរបាល​ស្រុក​ថ្ពង​បាន​និយាយ​ឱ្យ​ដឹង​ថា ជន​ដៃដល់​ជា​ប្អូន​សម្លាប់​បង​បង្កើត​ត្រូវ​បាន​ឃាត់ខ្លួន​មាន ឈ្មោះ ហឿ​ន ផ​ន អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ព្រៃវែង ឃុំ​ប្រាំបី​ម៉ុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ ចំណែក​ជន​រង​គ្រោះ មានឈ្មោះ ហឿ​ន ផុល អាយុ​៤៦​ឆ្នាំ ត្រូវជា​បង​បង្កើត​មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ព្រៃវែង ឃុំ​ប្រាំបី​ម៉ុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។


លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុ​ន អធិការ​នគរបាល​ស្រុក​ថ្ពង បាន​និយាយ​បន្ត​ថា កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ព្រៃវែង ឃុំ ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ មាន​ករណី​មនុស្សឃាត​ដោយ​ចេតនា បង្ក​ឡើង​ដោយ​ជនសង្ស័យ ឈ្មោះ ហឿ​ន ផ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​យក​ចំពាមកៅស៊ូ គ្រាប់​ដី​លុ​ញ​បាញ់​ទៅ​លើ​ឈ្មោះ ហឿ​ន ផុល អាយុ​៤៦​ឆ្នាំ ត្រូវជា​បង​បង្កើត ដោយ​បង​ផឹកស្រា​ស្រវឹង​ស្រែក​ឡូឡា​រករឿង​រូបគេ​ពេល​នោះ​ជនសង្ស័យ​ដៃដល់​ដែល​ត្រូវជា​ប្អូនបង្កើត​ខឹង​បាន​យក​ជំ​ពាម​កៅស៊ូ​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​០៤​គ្រាប់ ត្រូវ​ចំ​សៀតផ្កា​មួយ​គ្រាប់​ត្រូវ​ខ្លួន​ចំនួន​០៣​គ្រាប់ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​បាន​ដួល​ទៅ​លើ​ដី​ហើយ ជនសង្ស័យ​ដៃដល់​ជា​ប្អូន​បាន​ស្ទុះ​ទៅ​ធាក់​ពីរ​ជើង​ចំ​កញ្ចឹងករ​ថែម​ទៀត​រួច​ក៏​អូស​យក​ទៅ​កប់​ក្រោយ​ផ្ទះ​ខាងលិច​ភូមិ​វាលស្រែ​ដែល​ទើប​ភ្ជួរ​រួច​បន្ទាប់​មក​ក៏​បាន​កាយ​ចេញ​វិញ​ដោយ​ជនសង្ស័យ​ដៃដល់ មិន​អស់ចិត្ត​ខ្លាច​ជន​រង​គ្រោះ​មិន​ទាន់​ស្លាប់​ក៏​បាន​យក​ស្នរ​ចាក់​ត្រី ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​ពីរ​ស្នរ​ចំ​កញ្ចឹងករ​បន្ថែម​ទៀត រួច​ហើយ​បាន​យក​ទៅ​កប់​ក្នុង​ស្រះ​ទឹក​វិញ ដោយ​យក​ស្លឹក​ឬ​ស្សី គ្រប​ពីលើ​និង​យក​ជំនៀ​ធាងត្នោត សង្កាត់​ពីលើ​រួច​ក៏​ត្រឡប់​មក​ដេក​ផ្ទះ​វិញ​ធម្មតា​។

លោក​អធិការ​នគរបាល​ស្រុក​ថ្ពង​បាន​បន្ត​ទៀត​ថា លុះ​រហូត​ដល់​ថ្ងៃ​ទី​១៤​ខែឧសភា ឆ្នាំ​២០២៥ បងប្អូន​ក៏​បាន​ដើរ​រក​ឃើញ​សព​ជន​រង​គ្រោះ​នៅ​ក្នុង​ស្រះ​ទឹក​ក្រោយ​ផ្ទះ​រួច​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច បន្ទាប់​មក​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ថ្ពង​បាន​សហការ​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ​ជនសង្ស័យ​ដឹងខ្លួន​បាន​យក​ចំពាមកៅស៊ូ​បាញ់​មក​លើ​សមត្ថកិច្ច រួច​បាន​ស្រ​វ៉ា​យក​កាំបិត​ផ្គាក់​រត់គេច​ខ្លួន​រួច​សមត្ថកិច្ច​បាន​ទិញ​តាម​ចាប់​ពេល​នោះ ជនសង្ស័យ​បាន​តដៃ​មក​លើ​សមត្ថកិច្ច​បន្ទាប់​មក​សមត្ថកិច្ច​បាន​យក​ដំបង​ឬ​ស្សី​វែង​វាយ​ទម្លាក់​កាំបិត​ផ្គាក់​ពី​ដៃ​ជនសង្ស័យ​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​រួម​នឹង​វត្ថុ​តាង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង ដើម្បី​សួរនាំ​រួច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុ​ន អធិការ​នគរបាល​ស្រុក​ថ្ពង​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ប្អូនប្រុស​បង្កើត​ដែល​ចិត្តដាច់ បាញ់ និង​ចាក់​សម្លាប់​បងប្រុស​បង្កើត​ខ្លួនឯង​នេះ ក៏​ព្រោះតែ​ខឹង​បងប្រុស​មិន​ជួយ​មើលថែ​ម្ដាយបង្កើត​ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ ទើប​ប្អូនប្រុស​ក៏​ទាញ​យក​ចំពាមកៅស៊ូ​បាញ់​ចំ​ក្បាល់​បងប្រុស រួច​ហើយ​ក៏​យក​ព្រួញ​ទៅ​ចាក់​បងប្រុស​ចំ​បំពង់ក​ថែម​ទៀត​បណ្ដាល​ឲ្យ​ស្លាប់ មិនតែប៉ុណ្ណោះ ប្អូនប្រុស​ចិត្តសាហាវ​ឃោ​ឃៅ​បាន​អូស​យក​បងប្រុស​ទៅ​ទំលាក់​ក្នុង​ទឹកស្រះ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ខាងក្រោយ​ភូមិ​ថែម​ទៀត​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ពិនិត្យ​សព​។ និង​ឃាត់ខ្លួន​បាន​ជន​ដៃដល់​ជា​ប្អូនប្រុស​បង្កើត​ចិត្តសាហាវ​រូប​នោះ​បាន​ភ្លាម​ៗ ។

ក្រោយ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើស​ពរួច​សមត្ថកិច្ច​ជំនាញ​បាន​ប្រគល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បច្ចុប្បន្ន ជន​ដៃដល់​ជា​ប្អូនបង្កើត​ចិត្តសាហាវ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *