ខេត្តបន្ទាយមានជ័យ ៖ សាកសពពលករខ្មែរ២នាក់ប្តីប្រពន្ធដែលស្លាប់រញ្ជួយដីនៅប្រទេសថៃ ដោយត្រូវអគារបាក់សង្កត់ បានរកឃើញដោយភាគីថៃបានបញ្ជូនប្រគល់ជូនសាច់ញាតិទទួល
យកធ្វើបុណ្យ កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

នៅពេលដែលភាគីថៃប្រគល់សាកសពពលករខ្មែរ២នាក់ប្តីប្រពន្ធ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃើញវត្តមានលោក ប៉េង យ៉ាស័ក្តិ អភិបាលរងក្រុងប៉ោយប៉ែត និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវ ប្រទេសថៃ និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា សាកសពពលករខ្មែរដែលស្លាប់ដោយអគារបាក់សង្កត់រញ្ជួយដីនៅប្រទេសថៃ មាន១-ឈ្មោះ សាន សឿន អាយុ៣៨ឆ្នាំ(ប្តីមានមុខរបបជាងសំណង់) ២-ឈ្មោះ សុខ គីមសី ភេទស្រី អាយុ៣១ឆ្នាំ(ប្រពន្ធជាកម្មករសំណង់)រស់នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។

លោកបានបញ្ជាក់ថា កាលពី២៨ ខែមីនា ឆ្នាំ២០២៥ មានករណីគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសថៃ ហើយទទួលព័ត៌មានសាច់ញាតិដែលធ្វើការជាមួយ២នាក់ប្តីប្រពន្ធត្រូវបានបាត់ខ្លួនក្នុងគំនរអគារដែលបាក់ ហើយទទួលដំណឹងត្រូវរកឃើញសាកសពក្នុងចំណោមអគារបាក់សង្កត់ត្រូវបានយកធ្វើ(ឌីអិនអេ)រកឃើញប្តីមុន ហើយបន្ទាប់មករកឃើញប្រពន្ធតាមក្រោយ ត្រូវបានអាជ្ញាធរថៃបញ្ជូនតាមច្រកទ្វារអន្តរាជាតិប៉ោយប៉ែត ត្រូវបានរថយន្តដឹកសង្គ្រោះមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណទទួលបន្តនៅវត្តប៉ាលិលេយ្យក្រុងប៉ោយប៉ែតនិងមានសាច់ញាតិទាំងគ្រួសារខាងប្តីនិងព្រពន្ធចាំទទួលសាកសពយកធ្វើបុណ្យតាមប្រពៃណីយ៍ក្រុងសិរីសោភ័ណ ។

លោក ស្រេង សុផល បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមានសាកសពពលករខ្មែរចំនួន៣នាក់ហើយ ដែលត្រូវបានអាជ្ញាធរថៃដឹកជញ្ជូនសាកសពតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ កន្លងមក បានបញ្ជូនសាកសពជនរងគ្រោះឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ២៥ឆ្នាំ (មុខរបរជាជាងសំណង់)រស់នៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនសាកសពជនរងគ្រោះ២នាក់ប្តីប្រពន្ធ១.ឈ្មោះ សាន សឿន អាយុ៣៨ឆ្នាំ(ប្តីមានមុខរបបជាងសំណង់)២.ឈ្មោះ សុខ គីមសី ភេទស្រីអាយុ៣១ឆ្នាំ (ប្រពន្ធជាកម្មករសំណង់)រស់នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណដែលមានកូនប្រុសម្នាក់អាយុ១១ឆ្នាំ រស់នៅជាមួយយាយតាហើយធ្វើការនៅប្រទេសថៃជាង៦ឆ្នាំហើយ៕








