រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជាបានរងសម្ពាធទាបពីឈូងសមុទ្រថៃ ដែលជាហេតុធ្វើឲ្យមានកម្ពុជាមានភ្លៀង ផ្គររន្ទះ និងខ្យល់
កន្ត្រាក់ ។

យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងធនធានទឹកបានលើកឡើងពីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ថា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់លើសមុទ្រ អានដាមម៉ែន (Andaman) ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ។
ខ្យល់បក់មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៣ម៉ែត្រវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣០% ។
ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ខ្យល់បក់មកពីទិសនិរតីនិងបស្ចិមមានល្បឿនមធ្យម៤ម៉ែត្រវិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥% ។
ដោយឡែក នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតីនិងបស្ចិម មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥% ។រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ៕
