ខេត្តកំពង់ស្ពឺ ៖ ក្រុមជនខិលខូចបានដាក់គ្រឿងចក្រអេស្កាវ៉ាទ័រ (អាអ៊ិច)ធ្វើការឈួសឆាយ ជីកកាយដីរបស់ប្រជាពលរដ្ឋ អាស្រ័យផល នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជិត១សប្តាហ៍ហើយ សង្ស័យអាជ្ញាធរនិងជំនាញមិនបានដឹង ទើបដំណើរការយ៉ាងរលូនទាំងយប់ទាំងថ្ងៃបែបនេះ។ មិនខុសពីពាក្យថា «ចោរគាស់ក្រោលទាំងថ្ងៃ» ឡើយ ហេ!…ហេ! ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបង្ហើបឱ្យដឹងថា មានក្រុមជនខិលខូចបានដាក់គ្រឿងចក្រ អេស្កាវ៉ាទ័រ(អាអ៊ិច)ធ្វើការឈួសឆាយ ជីកកាយដីរបស់ប្រជាពលរដ្ឋ អាស្រ័យផលនៅចំណុចព្រះអង្គកែវ ស្ថិតនៅក្នុងភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សកម្មភាពឈូសឆាយនេះ មានរយៈពេលជិត១សប្តាហ៍ហើយ បើទោះបីប្រជាពលរដ្ឋ ចុះទៅធ្វើការហាមឃាត់ក៏តៃកុងអេសស្កាវទ័រ និងអ្នកបញ្ជារមិនស្តាប់ដែរ។ ដោយគេនិយាយថា បទបញ្ជាររបស់មេ(ថ្នាក់លើ)។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបង្ហើបបន្តថា ដីតំបន់នោះនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្រោមការគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ហើយជារៀងរាល់ថ្ងៃមានមន្ត្រីតាមស្នាក់ការរងរបស់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជិះម៉ូតូយាមកាមយ៉ាងយកចិត្តទុកដាក់ ការពារធនធានធម្មជាតិ មានដូចជា បទល្មើសព្រៃឈើ ការកាប់បំផ្លាញរុករានទន្ទ្រានយកដីព្រៃ។ល។ ប៉ុន្តែគ្រឿងចក្រអេស្កាវ៉ាទ័រ(អាអ៊ិច) របស់ជនខិលខូចបានដាក់ចូលធ្វើការឈួសឆាយដីនោះ ជិត១សប្តាហ៍ហើយ មិនឃើញមានកម្លាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឬកម្លាំងរបស់បរិស្ថានខេត្តកំពង់ស្ពឺចុះធ្វើការទប់ស្កាត់ និងបង្ក្រាបគ្រឿងចក្រនោះទេ។ តែបើចោរគាស់ក្រោលទាំងថ្ងៃ មើលអត់ឃើញទេ ។
ប្រសិនបើប្រជាពលរដ្ឋ កាត់កូនឈើ ឬមួយក៏កាប់ឆ្ការដីតែបន្តិចច្បាស់ជាអស់លោកមន្ត្រីស្នាក់ការរងបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចាប់ឃាត់ខ្លួន កសាងសំណុំរឿងជាក់ជាមិនខានឡើយ។ ប្រជាពលរដ្ឋ ដាក់ការសង្ស័យថាប្រសិនបើគ្មានការបើកភ្លើងខៀវពីមន្ត្រី និងកម្លាំងជំនាញទេ ក៏ជនខិលខូចមិនហ៊ានដាក់គ្រឿងចក្រចូលលួចធ្វើការឈូសឆាយ ជីកកាយដីចំណុចព្រះអង្គកែវដឹកដីចេញយ៉ាងកក្រើកបែបនេះបានដែរ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕
















