ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ ដែលគេល្បីនៅលើបណ្តាញសង្គមថាបង្ករឡើងដោយនគរបាលម្នាក់នៅលើកំណាត់មហាវិថីព្រះនរោត្តមនៅមុខក្រសួង មហាផ្ទៃ គឺជារឿងដ៏រន្ធត់ ហើយ អាជ្ញាធរបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់។
ក្នុងរឿងនេះ សមត្ថកិច្ចបានបង្ហាញថា គ្មានការយោគយល់ឡើយមិនថា មន្ត្រីឬក៏រាស្ត្រទេគឺត្រូវតែប្រឈមមុខនឹងផ្លូវច្បាប់ដោយស្មើភាពគ្នា។ តាមរយៈវីដេអូដែលគេបង្ហោះនៅលើបណ្តាញសង្គម រូបភាពនិងសកម្មភាពនៃគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករឡើងដោយរថយន្តតូយូតាឡិចស៊ីស ផ្លាកលេខ 2 AG2188 បើកបរដោយបុរសម្នាក់ដែលគេអះអាងថា បើកបរនៅក្នុងស្ថានភាពស្រវឹងនោះ គឺពិតជាសាហាវនិងរន្ធត់បំផុត ដូចជានៅក្នុងវីដូអូចិនហុងកុង ។
តាមវីដេអូខ្លីដែលគេផ្សព្វផ្សាយ គេឃើញ រថយន្តបង្កបានបើកបរនៅក្នុងល្បឿនដ៏លឿនបំផុត ដោយវ៉ាជែងគេខាងស្តាំដៃ ហើយក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា ប៉ើងទៅមុខទៅបុកផ្ទប់នឹងរនាំងពុះផ្លូវមុខក្រសួងមហាផ្ទៃ ខ្ទាតឥវ៉ាន់ពេញផ្លូវ ហើយជ្រុល ទៅបុករថយន្តនិងម៉ូតូកង់បីឥណ្ឌាផ្សេងៗរួមទាំងម៉ូតូមួយគ្រឿងខ្ទេចហើយក៏បុកដើមឈើទៅមុខលែងរួច ។
ករណីគ្រោះថ្នាក់ចរាចរណ៍បុករះនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងករណីបុករះនេះ បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បាត់បង់ជីវិត និងខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា ២គ្រឿង និងរថយន្តព្រុស១គ្រឿង និងអ្នករងរបួសផ្សេងទៀត។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជននោះ បានបើកបរនៅក្នុងស្ថានភាពស្រវឹង ហើយ បន្ទាប់ពីបង្កហេតុត្រូវបានកម្លាំងនគរបាលចខណ្ឌចំការមន ឃាត់ខ្លួនបានភ្លាមៗ និងបញ្ជូនបន្តឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។
ជននេះ គឺជាមន្ត្រីសមត្ថកិច្ចម្នាក់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ជនរងគ្រោះដែលបានបាត់បង់ជីវិតជាបុរស មានអាយុ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឃើញស្ថានភាពដែលជនបង្កបានបើកបរ និង ឃើញស្ថានភាពនៅកន្លែងគ្រោះថ្នាក់ចរាចរណ៍នេះ ជនបង្កគឺត្រូវតែទទួលខុសត្រូវតាមច្បាប់ ហើយក៏គួរតែរងវិន័យនៃកងកម្លាំងផងដែរ ពីព្រោះខ្លួនជាមន្ត្រីអ្នកអនុវត្តច្បាប់ ប៉ុន្តែបែរជាបើកបរដោយគ្មានទំនួលខុសត្រូវបុកគេពេញតែផ្លូវ ខូចខាតទ្រព្យសម្បត្តិទាំងឯកជននិងសាធារណៈទាំងថ្ងៃ។
នៅក្នុងនាមជាមន្ត្រីសមត្ថកិច្ចដែលមានភារៈការពារនិងបម្រើពលរដ្ឋ តែខ្លួនស្រវឹងហើយបើកបរដ៏សាហាវបុកគេស្លាប់និងរបួស គឺជាកំហុសបទបញ្ជាមួយដ៏ធ្ងន់ធ្ងរ បន្ថែមលើច្បាប់ចរាចរណ៍ដែល រូបភាព វីដេអូគេថតបានគឺដាក់បន្ទុកដ៏ច្បាស់រួចទៅហើយ ។
សូមលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍។ បើនៅក្នុងស្ថានភាពស្រវឹង សូមកុំបើកបរ ។
សរុបសេចក្តីទៅ អ្វីដែលបានលើកឡើងខាងលើគឺជាទឡ្ហីករណ៍ផ្លូវច្បាប់និងបទបញ្ជាក៏ដូចជាវិន័យនៅក្នុងជួរកងកម្លាំង និង ការទទួលខុសត្រូវសង្គម។
ក្រៅពីនោះករណីនេះក៏ជាសក្ខីកម្មមួយសម្រាប់ពញាក់អ្នកដែលកាន់ចង្កូតនានា ឲ្យមានការទទួលខុសត្រូវ ។ នៅមុនពេលកាន់ចង្កូត គឺត្រូវតែថ្លឹងផ្លែងកម្លាំងស្មារតី និងសតិបញ្ញាឲ្យបាន ។ នៅក្នុងករណីមិនអាចបានទេនោះ កុំបើកបរ ។ គោរពច្បាប់ចរាចរណ៍ការពារជីវិតយើង ក៏អាចការពារជីវិតអ្នកដទៃផងដែរ៕
