សហរដ្ឋអាមេរិក ៖ កីឡាករបាល់ទាត់ Cristiano Ronaldo បន្តឈរនៅលើកំពូលតារាងទស្សនាវដ្តី Forbes បញ្ជីអត្តពលិករកប្រាក់ចំណូលបានច្រើនជាងគេបំផុត ៣ឆ្នាំជាប់ៗគ្នា។ នេះបើតាមប្រភពពីសារព័ត៌មាន BBC និង ESPN បានចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
របាយការណ៍ពីទស្សនាវដ្ដីពាណិជ្ជកម្មអាមេរិកបានបង្ហាញថា ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Al-Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីត ដែលបានឈរលើកំពូលតារាងបញ្ជីអត្តពលិករកចំណូលបានច្រើនជាងគេបំផុតប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes ចំនួន៥លើកហើយនោះ បានបង្កើនប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណមានចំនួន១៥លានដុល្លារ ដោយបានបង្កើនប្រាក់ចំណូលសរុបប្រចាំឆ្នាំ២០២៥ របស់ខ្សែប្រយុទ្ធឆ្នើមវ័យ៤០ឆ្នាំរូបនេះរហូតដល់ ២៧៥លានដុល្លារ។
សម្រាប់តួលេខនេះ មានតែ Floyd Mayweather តែម្នាក់គត់ ដែលអាចរកប្រាក់ចំណូលប្រចាំឆ្នាំច្រើនជាង Cristiano Ronaldo ដោយអតីតអ្នកប្រដាល់សកលឆ្នើមអាមេរិករូបនេះ ធ្លាប់រកបាន៣០០លានដុល្លារ កាលពីឆ្នាំ២០១៥ និង ២៧៥លានដុល្លារ កាលពីឆ្នាំ ២០១៨។
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានទៅប្រកបអាជីពនៅលីគកំពូលអារ៉ាប៊ីសាអូឌីត (Saudi Pro League) កាលពីខែធ្នូ ឆ្នាំ២០២២ ដោយរកបានប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈកិច្ចព្រមព្រៀងទាំងនៅលើទីលានប្រកួត និងក្រៅទីលានជាមួយក្រុមហ៊ុនដៃគូសហការ ដោយគ្រាន់តែថ្លៃពលកម្មរបស់អតីតខ្សែប្រយុទ្ធក្លិប Sporting CP Manchester United Real Madrid និង Juventus រូបនេះជាមួយក្លិប Al Nassr ទទួលបានរហូតដល់ ២០០លានអឺរ៉ូ និងកំពុងឈរជាអត្តពលិកបាល់ទាត់មានថ្លៃពលកម្មខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។
ក្រឡេកទៅមើលបញ្ជីអត្តពលិករកប្រាក់ចំណូលបានច្រើនជាងគេប្រចាំឆ្នាំ២០២៥ ដែលចេញផ្សាយដោយទស្សនាវដ្តី Forbes កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯណោះវិញ កីឡាករបាល់បោះអាមេរិក Stephen Curry ឈរនៅលេខរៀងទី២ រកចំណូលបាន ១៥៦លានដុល្លារ។ អ្នកប្រដាល់សកលឆ្នើមអង់គ្លេស Tyson Fury ឈរនៅលេខ៣ រកចំណូលបាន ១៤៦លានដុល្លារ។ កីឡាករបាល់ឱបអាមេរិក Dak Prescott ឈរនៅលេខ៤ រកចំណូលបាន ១៣៧លានដុល្លារ ខណៈដែលខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Lionel Messi ឈរនៅលេខ៥ រកចំណូលបាន ១៣៥លានដុល្លារ។
ក្រៅតំណែងកំពូលទាំង ៥ (Top 5) ៖
-កីឡាករបាល់បោះអាមេរិក LeBron James រកចំណូលបាន ១៣៣,៨លានដុល្លារ
-កីឡាករបេស្បលសញ្ជាតិដូមីនីក Juan Soto រកចំណូលបាន ១១៤លានដុល្លារ
-កីឡាករបាល់ទាត់បារាំង Karim Benzema រកចំណូលបាន ១០៤លានដុល្លារ
-កីឡាករបេស្បលសញ្ជាតិជប៉ុន Shohei Ohtani រកចំណូលបាន ១០២,៥លានដុល្លារ
-កីឡាករបាល់បោះអាមេរិក Kevin Durant រកចំណូលបាន ១០១,៤លានដុល្លារ៕



